រឹបអូសកូកាអ៊ីន ២តោន ពីនាវាពាក់កណ្តាលមុជទឹក នៅកូស្តារីកា
បរទេស៖ ក្រសួងសន្តិសុខសាធារណៈនៃប្រទេស កូស្តារីកា បាននិយាយ កាលពីថ្ងៃចន្ទថា ឆ្មាំឆ្នេរសមុទ្រ បានស្ទាក់ចាប់នាវាពាក់កណ្តាលមុជទឹក ដែលផ្ទុកកូកាអ៊ីន ប្រហែល២តោន នៅចម្ងាយប្រហែល ១៥០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រប៉ាស៊ីហ្វិកខាងត្បូង របស់ប្រទេស ស្ថិតនៅក្នុងតំបន់អាមេរិកកណ្តាល មួយនេះ។
យន្តហោះល្បាតរបស់សហរដ្ឋអាមេរិកបានកំណត់ទីតាំងនាវា នៅពេលយប់ ហើយបានជូនដំណឹង ដល់អាជ្ញាធរកូស្តារីកា ដូច្នេះ ក្រុមអន្តរាគមន៍ឆ្មាំពិសេស បានស្ទាក់ចាប់ និងរឹបអូស ព្រមទាំងបានខ្លួនជនបរទេស ដែលជាជនជាតិ កូឡុំប៊ី និងអេក្វាទ័រ ទៀតផង។
មុនពេលរឹបអូស អាជ្ញាធរ កូស្តារីកា ធ្លាប់ត្រូវបានរដ្ឋាភិបាល កូឡុំប៊ី ដាស់តឿន ដោយទទូច ឲ្យតាមដានអំពីការដឹកជញ្ជូនគ្រឿងញៀន ក្នុងទ្រង់ទ្រាយបែបនេះ កន្លងមក។ នេះជាការបង្ក្រាបលើនាវាពាក់កណ្តាលមុជទឹក
នៅកូស្តារីកា ជាលើកដំបូង ក្នុងឆ្នាំ២០២៤។ ការបង្ក្រាប លើកចុងក្រោយ កាលពីឆ្នាំ២០២៣ កើតមាន នៅខែសីហា។
តាំងពីដើមឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន កូកាអ៊ីន ជាង៦តោន ត្រូវបានបំផ្លាញចោល នៅកូស្តារីកា នេះបើយោងតាមទិន្នន័យ ពីស្ថាប័នជំនាញ របស់ប្រទេសមួយនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


