ទូតសាធារណរដ្ឋកូរ៉េ បេ្តជ្ញាជំរុញទំនាក់ទំនងកម្ពុជា-កូរ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត
(ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ សីហា ឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំ កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតី នៅសាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ ដែលជាមូលដ្ឋានក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានប្ដេជ្ញាខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងសាធារណរដ្ឋកូរ៉េ-កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-សា្ថប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀង និងគំនិតផ្ដួចផ្ដើមនានា ដែលបានសម្រេចក្នុងដំណើរទស្សនកិច្ចផ្លូវការខាងលើ។
ជាការឆ្លើយតប សម្ដេចធិបតី បានកោតសសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ។
សម្តេចធិបតីបានសម្តែងក្តីរីករាយចំពោះភាពរីកចម្រើនជាលំដាប់ និងជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលត្រូវបានតម្លើងកម្រិតដល់ “ភាពជាដៃគូយុទ្ធសាស្រ្ត” នៅក្នុងឆ្នាំ២០២៤នេះ។ សម្ដេចធិបតី បានអរគុណរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមគាំទ្រ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ។
សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន រួមមាន៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, វិស័យការពារជាតិ និង សន្តិសុខ, វិស័យទេសចរណ៍, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ព្រមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសអំណោយផលដល់ការវិនិយោគនៅកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងយន្តការសម្របសម្រួលជាច្រើន សំដៅបង្កើនទំនុកចិត្តនិងជោគជ័យរបស់វិនិយោគិនកូរ៉េដែលបណ្តាក់ទុននៅប្រទេសកម្ពុជា ។
ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ថា វិនិយោគិនកូរ៉េមានការចាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី, សិក្ខាសាលា និងវេទិកាធុរកិច្ចជាបន្តបន្ទាប់ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ