ប្រេងឆៅកំពុងឡើងថ្លៃ ដល់ចំនុចខ្ពស់បំផុតមិនធ្លាប់មានក្នុងឆ្នាំនេះ
បរទេស៖ ធៀបនឹងសប្តាហ៍មុន តម្លៃប្រេងឆៅបានហក់ឡើង ជាង៣% បន្ថែមទៀតនៅថ្ងៃចន្ទ ជាការកើនឡើង ៥ដង ឬ ៥សប្តាហ៍ ជាប់ៗគ្នា។ ការកើនឡើងគំហុកជាប់សូរគ្នានេះ ដោយសារការព្រួយបារម្ភខ្លាំងចំពោះជម្លោះនៅមជ្ឈិមបូព៌ាដែលអាចផ្ទុះសង្គ្រាម។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters នៅថ្ងៃអង្គារនេះ។
សន្ទស្សន៍តម្លៃប្រេងឆៅម៉ាក Brent របស់អាមេរិក បានកើនឡើងខ្ពស់ខ្លាំង គួរឲ្យកត់សម្គាល់ ក្នុងនោះ មានតម្លៃ ៨២.៣០ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល កើនឡើង ២.៦៤ដុល្លារ ឬ ស្មើនឹង ៣.៣ភាគរយ ជាការឡើងថ្លៃខ្ពស់ប្រចាំសប្តាហ៍ មិនធ្លាប់មាន ក្នុងឆ្នាំ២០២៤នេះ។
រីឯប្រេងឆៅរបស់អាមេរិកមួយទៀត ម៉ាក West Texas Intermediate បានកើនតម្លៃ ដល់ ៨០.០៦ដុល្លារ ក្នុងមួយបារ៉ែល កើនឡើង ៣.២២ ដុល្លារ ឬ ស្មើនឹង ៤.២% ។
លោក Bob Yawger នាយកផ្នែក អនាគតថាមពលប្រចាំ នៅដៃគូហិរញ្ញវត្ថុ Mizuho នៅទីក្រុងញូវយ៉ក បានព្រមានថា តម្លៃប្រេងអាច នឹងកាន់តែឡើងថ្លៃ។ ការវាយប្រហារ នៅមជ្ឈិមបូព៌ា នាំឲ្យមានការរឹតបន្តឹងការចូលទៅកាន់តំបន់ផ្គត់ផ្គង់ប្រេងឆៅ។ ទន្ទឹមនឹងនោះ ក៏មានការភ័យបារម្ភទៅលើការរារាំងទិន្នផលប្រេងឆៅ ពីប្រទេសផលិតសំខាន់ៗផ្សេងទៀត នៅក្នុងតំបន់ រួមទាំង ប្រទេសអ៊ីរ៉ាក់ផងដែរ។
កាលពីថ្ងៃចន្ទ កងកម្លាំងអ៊ីស្រាអែល បានបន្តប្រតិបត្តិការវាយប្រហារតាមអកាស នៅជិតទីក្រុង Gaza ភាគខាងត្បូង បន្ទាប់ពីការវាយប្រហារកាលពីចុងសប្តាហ៍ ទៅលើបរិវេណសាលាមួយកន្លែង សម្លាប់មនុស្ស យ៉ាងតិច ៩០ នាក់។ នេះបើយោងតាមសេវាសង្គ្រោះបន្ទាន់ស៊ីវិល នៅហ្គាហ្សា៕
ប្រែសម្រួល៖ សារ៉ាត