ជប៉ុនគ្រោងសង់ផ្ទះអណ្តែតផុតដី ទប់ទល់គ្រោះរញ្ជួយដី
តូក្យូ៖ ក្រុមហ៊ុនជប៉ុន Air Danshin កំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាដំបូងបង្អស់ ដើម្បីការពារផ្ទះក្នុងអំឡុងពេលមានរញ្ជួយដី ដោយអាចលើកផ្ទះឲ្យផុតពីលើដី នៅពេលដីរញ្ជួយ។ នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Tech Explorers កាលពីថ្ងៃចន្ទ។
អ្នកច្នៃប្រឌិតរបស់ក្រុមហ៊ុនបានបង្ហាញគោលគំនិតសង់ផ្ទះមានរចនាបថ ដូចបាឡុង ដែលភ្ជាប់ជាមួយឧបករណ៍ចាប់សញ្ញា តាមដានសកម្មភាពរញ្ជួយដី ជាប់ជាប្រចាំ។ នៅពេលមានសញ្ញារញ្ជួយដី ម៉ាស៊ីនចាប់ផ្តើមបូមខ្យល់ រុញឲ្យផ្ទះហើបឡើងផុតពីដី។
ស្ថាបត្យករ ក៏កំពុងសិក្សាផងដែរពីបច្ចេកវិទ្យា មេដែក ដូចជាសម្រាប់ប្រើក្នុងរថភ្លើង Maglav ជាដើម ដែលធ្វើឲ្យរថភ្លើងរត់ហើយពីផ្លូវដែក ដើម្បីបញ្ជូលគ្នាក្នុងការសាងសង់ផ្ទះប្រភេទនេះនាពេលអនាគត។
អ្នកតាមដាម Tech Explorers បានចាត់ទុកថា ជាគំនិតល្អ ប៉ុន្តែ បានសួរថាតើម៉ាស៊ីនបង្ហាប់ខ្យល់ នឹងអាចបូមខ្យល់ ទាន់ពេលមុនពេលរញ្ជួយដីដែរឬទេ?
ជប៉ុនគឺជាប្រទេសជួបគ្រោះរញ្ជួយដីញឹកញាប់ ដោយសារតែប្រទេសនេះ ស្ថិតនៅលើ «ខ្សែក្រវាត់ភ្នំភ្លើង» ។ ជប៉ុនជួបហេតុការណ៍រញ្ជួយដីប្រហែល ១៥០០ដង ក្នុងមួយឆ្នាំៗ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC៕
ប្រែសម្រួល៖ សារ៉ាត