ធនាគាជាតិ ស្នើដល់គ្រឹះស្ថានហិរញ្ញវត្ថុ ហាមប្រើឈ្មោះអាជ្ញាធរ ដើម្បីដាក់សម្ពាធ ដល់អតិថិជន ក្នុងការប្រមូលឥណទាន
(សៀមរាប)៖ មន្រ្តីធនាគាជាតិ នៃកម្ពុជា ស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដែលផ្តល់ឥណទានជូនអតិថិជន ត្រូវចៀសវាងការស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន ឬប្រើឈ្មោះអាជ្ញាធរ ដើម្បីដាក់សម្ពាធណាមួយដល់អតិថិជនក្នុងដំណើរការប្រមូលឥណទាន ។
នេះជាការគូសបញ្ជាក់របស់លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋាន គ្រប់គ្រងទិន្នន័យនិងវិភាគម៉ាក្រូ ធនាគារជាតិនៃកម្ពុជា លើកឡើង នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ។
លោក ម៉ែន ភក្តី បានលើកឡើងថា កន្លងមក ធនាគារជាតិ នៃកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តសកម្មភាព ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហា ប្រឈមនានា ដែលមានក្នុងប្រព័ន្ធធនាគារ។ ជាក់ស្ដែង ធនាគារជាតិ បាននិងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យ ធនាគារ ក្នុងទិសដៅធានាឱ្យបាននូវការប្រកួតប្រជែងដែលស្មើភាព សុចរិតភាព តម្លាភាព និងគិតគូរដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើនប្រព័ន្ធធនាគារប្រកបដោយចីរភាព និងការអភិវឌ្ឍ ។
លោកបន្តថា ធនាគារជាតិនៃកម្ពុជា បានកំពុងយកចិត្តទុកដាក់ ក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ការ ប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស កុមារ ស្ត្រី និង ប្រជាពលរដ្ឋនៅតាមតំបន់មូលដ្ឋាន។ បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានអនុវត្តនូវវិធានការ ពង្រឹងកិច្ចការពារអតិថិជន ដែល មានលក្ខណៈបុរេសកម្ម ជាច្រើន ព្រមទាំងបានគាំទ្រ និងសហការជាមួយភាគីពាក់ព័ន្ធនានា ដើម្បីបន្តលើកកម្ពស់ការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ធានានូវការប្រកួតប្រជែង ដោយយុត្តិធម៌ និងតម្លាភាព និងការការពារសិទ្ធិ និងអត្ថប្រយោជន៍ របស់អតិថិជន ។
ជុំវិញកាផ្តល់ឥណទានវិញ, លោក ម៉ែន ភក្តី បានលើកទឹកចិត្ត និងជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវបន្តធានាឱ្យបាននូវការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងក្រមប្រតិបត្តិសម្រាប់វិស័យ និងគោលការណ៍ ផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងត្រូវចៀសវាង ការស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមជាមួយបុគ្គលិករបស់ខ្លួន ក្នុងដំណើរការប្រមូលឥណទាន ឬប្រើប្រាស់ឈ្មោះអាជ្ញាធរ ដើម្បីដាក់សម្ពាធណាមួយ ដល់អតិថិជនជាដើម ។
ទាក់ទិនបញ្ហានេះដែរ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា កន្លងមក សមាគម បានដាក់ឱ្យអនុវត្ត នូវគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ក្នុងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងកិច្ចការពារអតិថិជនដូចជា៖ ក្រមប្រតិបត្តិ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, ដែលក្រមនេះ ត្រូវបានបង្កើតឡើងក្រោមកិច្ចខិតខំប្រឹងប្រែង រវាង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព ទំនុកចិត្ត គណនេយ្យភាព និងទំនួលខុសត្រូវ ក្នុងការប្រកបវិជ្ជាជីវៈធនាគារ តាមរយៈការកំណត់បទដ្ឋាន ប្រតិបត្តិការអាជីវកម្ម សម្រាប់ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុគោរព និងអនុវត្តតាម ។
លោកជំទាវ ឌិត នីតា បានបន្ថែមថា ក្រមប្រតិបត្តិដែលរួមមាន៖ វិធានផ្តល់ឥណទាន ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការដល់ គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដែលដាក់ឲ្យអនុវត្តកាលពីខែមីនា ឆ្នាំ២០២២ កន្លងមក ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត