ទូតអង់គ្លេស ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា
(ភ្នំពេញ)៖ ទូតអង់គ្លេស ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ពាណិជ្ជកម្ម ការពារជាតិ និងវិស័យនានាបន្ថែមទៀត ជាមួយកម្ពុជា ។
ឯកឧត្តម ដូមីនីក វីលៀមស៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា បានប្ដេជ្ញាដូច្នេះក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៩សីហា ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះការរីកចម្រើនយ៉ាងខ្លាំងនៃទំនាក់ទំនងរវាងកម្ពុជា និងអង់គ្លេស ក្នុងវិស័យនានាជាច្រើននៃកិច្ចសហប្រតិបត្តិការ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរការបើកសម្ពោធសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ដែលនឹងជួយលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត និងបានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់របស់ចក្រភពអង់គ្លេសសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់សាជាថ្មីពីការបន្តគាំទ្ររបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-អង់គ្លេស។
ជាកិច្ចឆ្លើយតប ឯកឧត្តម ដូមីនីក វីលៀមស៍ បានសម្តែងការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ពាណិជ្ជកម្ម ការពារជាតិ និងវិស័យនានាបន្ថែមទៀត ។
ក្នុងឱកាសជំនួបនេះដែរ ភាគីទាំងពីរក៏បានចែករំលែកនូវទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ៕
ដោយ ៖ សួង ពិសិដ្ឋ