កសិផលកម្ពុជា មានសក្តានុពលដែលត្រូវការអ្នកវិនិយោគលើការកែច្នៃដើម្បីទីផ្សារទាំងក្នុងស្រុក និង ទីផ្សារអន្តរជាតិ
(ភ្នំពេញ)៖ កសិផលកម្ពុជាមានសក្តានុពលនៅកម្រិតដាំដុះ (Upstream) ដែលត្រូវការអ្នកវិនិយោគលើការកែច្នៃ (Downstream) ប្រកបដោយគុណភាព និងមានតម្លៃបន្ថែមខ្ពស់សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ ដូចជា ស្រូវអង្ករ ស្វាយចន្ទី កៅស៊ូ និងផលិតផលជលផល។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គួរបញ្ជាក់ថាការលើកឡើងបែបនេះធ្វើឡើងក្នុងពេលឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចូលរួមកិច្ចប្រជុំស្តីពី Cambodia Agrifood Trade and Investment Forum របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបានបង្ហាញពីការចាប់អារម្មណ៍ចំពោះកិច្ចសហការរួមគ្នាក្នុងការផ្តួចផ្តើមរៀបចំកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើន ផ្សារភ្ជាប់ការវិនិយោគផ្សារភ្ជាប់ទៅនឹងពាណិជ្ជកម្ម ប្រកបដោយភាពជាក់លាក់ និងមានប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងដោយបញ្ជាក់ថា ការរៀបចំកម្មវិធីខាងលើត្រូវមានផែនការច្បាស់លាស់ និងគិតគូរឱ្យបានស៊ីជម្រៅ។
ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ដ្រី បានចាត់ទុកថានេះគឺជាកម្មវិធីគំរូមួយដែលមានទីផ្សារពិតប្រាកដ មានប្រសិទ្ធភាពនៃការវិនិយោគពេញលេញ និងតភ្ជាប់ខ្សែច្រវាក់ផលិតកម្មនិងតម្លៃ ក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធនានា៕
ដោយ ៖ ម៉ាដេប៉ូ