វៀតណាមផ្ទុះរឿងពុករលួយ លើគម្រោងថាមពលស្អាត

ហាណូយ៖ រដ្ឋាភិបាលវៀតណាម បាននិយាយ កាលពីថ្ងៃអង្គារថា ប៉ូលីសនឹងពិនិត្យមើលគម្រោងថាមពលស្អាតចំនួន ៣២គម្រោង ដែលសង្ស័យថាមានពាក់ព័ន្ធនឹងអំពើពុករលួយរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម។

ក្រសួងសន្តិសុខសាធារណៈ វៀតណាម បានអះអាងថា អគ្គិសនីរដ្ឋវៀតណាម ហៅកាត់ EVN ត្រូវបានស្នើសុំឱ្យ ផ្តល់ព័ត៌មាន និងឯកសារ ទាក់ទងនឹងរោងចក្រថាមពលពន្លឺព្រះអាទិត្យ ចំនួន១០ គម្រោង និងរោងចក្រថាមពលខ្យល់ ចំនួន២២គម្រោង ។ ឯកសារទាំងនោះ រួមមាន ដូចជា កិច្ចសន្យាលក់ និងទិញអគ្គិសនី ក៏ដូចជា ការត្រួតពិនិត្យអំពីកាលកំណត់ លើសមត្ថភាពដំឡើង របស់រោងចក្រ ជាដើម។ របាយការណ៍បាននិយាយថា ការស៊ើបអង្កេត រួមមាន នៅទីក្រុង និងខេត្តនៅភាគកណ្តាល ប្រទេសវៀតណាម តំបន់ខ្ពង់រាបកណ្តាល និងតំបន់ដីសណ្តទន្លេមេគង្គ។

ការបើកការស៊ើបអង្កេត នេះធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុនវិនិយោគទាំងនេះមានកំហុសមួយចំនួន ក្នុងការអភិវឌ្ឍន៍អគ្គិសនីនៅក្នុងមូលដ្ឋានទាំងនោះ។

គួរសម្កាល់ថា វៀតណាមបានប្តេជ្ញាឆ្ពោះទៅរកការបំភាយកាបូនសូន្យ នៅឆ្នាំ២០៥០ តាមរយៈការចូលរួមកាត់បន្ថយការប្រើប្រាស់ថាមពលចេញពីឥន្ធនៈហ្វូស៊ីល ប្តូរទៅរកថាមពលស្អាត ឬថាមពលបៃតង មានដូចជា ពន្លឺព្រះអាទិត្យ និងខ្យល់ ជាដើម៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner