អភិបាលខេត្តស្ទឹងត្រែង៖ត្រីកោណអភិវឌ្ឍន៍ នឹងប្រែក្លាយតំបន់ព្រំដែនសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម!
ស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍( CLV) នឹងប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព សហប្រតិបត្តិការសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅក្នុងស្រុកសេសាន កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សរ សុពុត្រា បានបន្តថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឬ ស៊ីអិលវី(CLV)បានបង្កើតឡើងនៅឆ្នាំ១៩៩៩ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ។
ឯកឧត្តមបន្ថែមថា យើងចាប់ផ្តើមធ្វើយ៉ាងណាឱ្យតំបន់ព្រំដែននេះ ក្លាយជាតំបន់ព្រំដែនមានសន្តិភាព ព្រំដែននៃកិច្ចសហប្រតិបត្តិការ ជាព្រំដែនសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយការអភិវឌ្ឍនេះ គឺអភិវឌ្ឍន៍ នៅតាមប្រទេសនីមួយៗដោយផ្តោតសំខាន់គឺព្រំដែនដែលមានសន្តិភាព ទប់ស្កាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូមនុស្ស និងអំពើរត់ពន្ធផ្សេងៗ ។
សំដៅទៅលើក្រុមជ្រុលនិយមមួយក្តាប់តូចដែលកំពុងញុះញងបំភ័ន្តមហាជនអំពីត្រីកោណអភិវឌ្ឍន៍នោះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យមានការបង្កអសន្តិសុខណាមួយកើតឡើងបានឡើយ។
ទន្ទឹមនេះឯកឧត្តម សរ សុពុត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំឱ្យជឿតាមការញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលមានមូលដ្ឋាននៅក្រៅប្រទេស ដែលនៅតែបន្តអនុវត្តគ្រប់ឧបាយកល សកម្មភាពរបស់ខ្លួន បំផុសបំផុលបង្កឱ្យមានចលាចល អសន្តិសុខសង្គម បំបែកបំបាក់សាមគ្គីភាព បំផ្លិចបំផ្លាញសុខុមាលភាព វិបុលភាពសង្គមជាតិ ក្នុងពេលដែលកម្ពុជាកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕
ដោយ៖ ដេង ម៉ាវិន