សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងធម្មការ បន្ត បើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី៩ ជាង ១ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី កម្ពុជា បានថ្លែងជំរុញលើកទឹកចិត្តដល់ ក្រសួងធម្មការ និង សាសនា បន្តអនុវត្តការងារនេះ ឱ្យបានជាប់ជាប្រចាំ ព្រោះការបើកវគ្គបណ្តុះបណ្តាល ដែលជាយន្តការដ៏មានប្រសិទ្ធភាពបំផុតសម្រាប់លុបបំបាត់ នូវវិបត្តិអាចារ្យក្នុង សង្គមខ្មែរ ហើយឈានឆ្ពោះទៅរកការឯកភាពគ្នាទាំងពិធីកម្មនៅក្នុងសាសនា និងពិធីមង្គលផ្សេងៗ ដើម្បីធានាបាននូវការអភិរក្ស ការអភិវឌ្ឍ វប្បធម៌ និង សាសនារបស់ជាតិ ។
សម្តេចធិបតី បានបញ្ជាក់ថា មាតុភូមិយើង គឺជាដែនដី ដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ ហើយខ្មែរយើង គឺជាជនជាតិដែលមានអរិយធម៌ វប្បធម៌ ប្រពៃណី និង ទំនៀមទម្លាប់ដ៏ចំណាស់មួយ ព្រមទាំងមានអច្ឆរិយវត្ថុយ៉ាងច្រើន ឥតគណនា ។
សម្តេចធិបតីបន្តថា ពិធីបុណ្យបែបព្រះពុទ្ធសាសនាក្តី ពិធីមង្គល និង ពិធីកម្មបែបប្រពៃណី ទំនៀមទម្លាប់បុរាណក្តី ខ្មែរយើង មានទម្រង់បែបបទជាច្រើន ព្រមទាំងមានបង្កប់ទៅដោយគោលគំនិត គតិបណ្ឌិត និង ទស្សនវិជ្ជាអប់រំ សម្រាប់ការរស់នៅរបស់មនុស្សគ្រប់រូប ប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន ហើយគុណតម្លៃ ដែលកើតចេញពីប្រភពខាងលើនេះ គឺជាធាតុសកម្មមួយ ធ្វើឱ្យសង្គមមាន នូវសាមគ្គីធម៌ សុខដុមរមនា សុខុមាលភាព និង ភាពរីកចម្រើនរុងរឿង ព្រមទាំងអាចរក្សាបាន នូវអត្តសញ្ញាណជាតិ ជាខ្មែរទៀតផង ។
សម្តេចបញ្ជាក់ដែរថា ការបណ្តុះបណ្តាលអាចារ្យ គឺដើម្បីឱ្យមានការឯកភាពគ្នា អនុវត្តន៍ដូចៗគ្នា ទៅតាមទំនៀមទំលាប់ប្រពៃណី ។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានថ្លែងថា គិតមកទល់បច្ចុប្បន្ន ក្រសួងបានបើកវគ្គបណ្តុះបណ្តាល តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ បានចំនួន ៤៥វគ្គ រួចមកហើយ មានសិក្ខាកាមជា អាចារ្យ អាចារិនី បានចូលមកសិក្សាចំនួន ១២ ៥១៧ អង្គ/នាក់ ក្នុងនោះព្រះសង្ឃ ៨៦១ ព្រះអង្គ អាចារិនី ១៩០នាក់ ។ ក្រៅពីវគ្គបណ្តុះបណ្តាល អាចារ្យ អាចារិនី ក្រសួងបានបើកវគ្គ បណ្តុះបណ្តាលដូនជីបានចំនួន ២វគ្គ ផងដែរ ដោយមានសិក្ខាកាម ជាដូនជីបានចូលមកសិក្សាមានចំនួន ១ ១០៧ នាក់ ។
ក្រោយពីការបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រម សីលធម៌អាចារ្យខ្មែរ ជាលទ្ធផលបានសង្កេតឃើញថា សិក្ខាកាម ទាំងអស់ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ ១-ទទួលបានចំណេះដឹងនិងបទពិសោធន៍ជាច្រើនពីសំណាក់ គ្រូឧទ្ទេសាចារ្យ។ ២-ទទួលបាននូវឯកសារ ក្បួនច្បាប់ច្បាស់លាស់ និងត្រឹមត្រូវ សម្រាប់យកទៅប្រតិបត្តិ និងផ្សព្វផ្សាយបន្ត។ ៣-ទទួលបាននូវបទពិសោធន៍រវាងសិក្ខាកាមនិងសិក្ខាកាម ការស្គាល់គ្នាពីតំបន់មួយទៅតំបន់មួយ និងការផ្លាស់ប្តូរមតិ យោបល់គ្នា។ ៤-បានដោះស្រាយនូវចម្ងល់រួម ក្នុងការប្រារព្ធពិធីកម្ម និងពិធី មង្គលនានា ដែលមានលក្ខណៈផ្សេងៗគ្នា តាមទម្លាប់ក្នុង តំបន់ឱ្យមានការយល់ស្របគ្នាជាទស្សនៈក្នុងការប្រតិបត្តិ។ ៥-យល់ដឹងនិងប្រតិបត្តិបានត្រឹមត្រូវតាមតួនាទី ភារកិច្ច និង ក្រមសីលធម៌របស់អាចារ្យខ្មែរ។ ៦-អាចរួបរួមគ្នាបង្កើតបាននូវសាមគ្គីធម៌ រួមចំណែកធ្វើឱ្យមាន សុខដុមនីយកម្មសាសនា និងប្រពៃណី ទំនៀមទម្លាប់។ ៧-ជាកម្លាំងចលករដ៏សំខាន់ ក្នុងការបន្តថែរក្សា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ឱ្យស្ថិតស្ថេរ គង់វង្សអស់កាលជាយូរអង្វែង។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ជារួម ក្រោយពីមានវគ្គបណ្តុះបណ្តាល ស្តីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ និងតាមរយៈការផ្សព្វផ្សាយយ៉ាងទូលំទូលាយ នូវកម្រងឯកសារនានា ទាក់ទងនឹងប្រពៃណី ទំនៀមទម្លាប់ រួចមក សង្កេតឃើញថា រាល់ការប្រារព្ធពិធីកម្ម ពិធីបុណ្យសាសនា និងពិធីមង្គលផ្សេងៗ ពិតជាមានការចូលរួមកែលម្អបានយ៉ាងច្រើនពី សំណាក់ អាចារ្យ អាចារិនី និងប្រជាជន ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ