ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីការទូត នៃក្រសួងការបរទេស ប្រកាសគាំទ្រកិច្ច​សហ​ប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលជាគំនិតផ្តួចផ្តើម​របស់​សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ និងមន្រ្តីការទូតនៅតាមស្ថានតំណាងនានា របស់ព្រះរាជាណាចក្រកម្ពុជា​នៅបរទេស សូមប្រកាសគាំទ្រដ៏ស្មោះស្ម័គ្រ ដល់កិច្ចសហប្រតិបត្តិការត្រីកោណអភិ​វឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

គំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយនេះ គឺផ្តោតសំខាន់ដល់ការប្រែក្លាយខេត្ត​ជាប់​ព្រំដែនទាំង៤ របស់កម្ពុជា (ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី) ទៅជាតំបន់​មានសក្តានុពលសេដ្ឋកិច្ច និងលើកស្ទួយកម្រិតជីវភាពប្រជាជន តាមរយៈការ​កសាង​ហេដ្ឋារចនាសម្ព័ន្ឋចាំបាច់នានា ដើម្បីបង្រួមគម្លាតអភិវឌ្ឍន៍ និងជំរុញការធ្វើសមាហ​រណកម្មសេដ្ឋកិច្ចជាមួយខេត្តនានារបស់ឡាវ និងវៀតណាម ដែលនៅជិតខាង។

ទន្ទឹមនឹងនេះដែរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការបរទេស និងសហប្រតិបត្តិ​ការ​​អន្តរជាតិ និងមន្រ្តីការទូតនៅតាមស្ថានតំណាងនានា របស់ព្រះរាជាណាចក្រកម្ពុជា​នៅបរទេស សូមប្រកាសគាំទ្រ ចំពោះសារសំឡេងរបស់សម្តេចតេជោកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដែលបានធ្វើការពន្យល់បន្ថែមយ៉ាងច្បាស់លាស់ពី CLV-DTA ដល់​សាធារណជនជាតិ និងអន្តរជាតិបានយល់កាន់តែស៊ីជម្រៅ ថា CLV-DTA នេះមិនមែន​ជាការធ្វើឲ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ដែលបង្ក​ឡើង​ដោយ​ក្រុមប្រឆាំងក្រៅច្បាប់ ដែលបានមួលបង្កាច់បំភ្លៃការពិតក្នុងចេតនាទុច្ចរិតបង្កអស្ថិរភាព និងរាំងស្ទះដល់បរិយាកាសសុខសន្តិភាពដែលប្រជាជនកម្ពុជាកំពុងរស់នៅដោយសុខដុមក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នោះឡើយ ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner