នាយករដ្ឋមន្ត្រី គាំទ្រ និងស្របតាមក្រុមទី៣ ពាក់ព័ន្ធរឿងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV)
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី៩ ជាង ១ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងថា សម្តេច បានយកចិត្តទុកដាក់តាមដានរាល់ការបញ្ចេញមតិផ្សេងៗរបស់ពលរដ្ឋដែលបានលើកឡើងពីបញ្ហាCLV ។ សម្តេច ថា មានពលរដ្ឋយើង ៣ក្រុម៖ ទី១-ក្រុមបង្ហាញកង្វល់ពីបាត់ដី, ទី២-ជាក្រុមចង់ឱ្យអភិវឌ្ឍន៍ និងទី៣-ក្រុមស្ងាត់ស្ងៀម មិនបង្ហាញមតិអ្វីទេ តែក្រុមទី៣នេះ ជាក្រុមធំបំផុត មានចំនួនច្រើន នៅកណ្តាល តែចិត្តពួកគាត់មិនចង់ឱ្យបាត់ដី ហើយក៏មិនចង់ឱ្យបាត់អធិបតេយ្យជាតិ តែចង់ឱ្យអភិវឌ្ឍន៍ ដោយសម្តេច បញ្ជាក់ថា ខ្ញុំគាំទ្រ និងស្របតាមក្រុមទី៣នេះ ។
សម្តេចធិបតី បានបន្តថា ដើម្បីលុបបំបាត់កង្វល់របស់បងប្អូនប្រជាពលរដ្ឋ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀណាម (CLV) មានតែរាជរដ្ឋាភិបាល ខិតខំអភិវឌ្ឍន៍តំបន់ខេត្តទាំងបួននោះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
សម្ដេចក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមរួមគ្នា អភិវឌ្ឍន៍នៅតំបន់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី និងការរីកចម្រើន ព្រមទាំងលុបបំបាត់ការមន្ទិលសង្ស័យដាក់គ្នា ។ សម្ដេចធិបតី ក៏បានស្នើរដល់ប្រជាពលរដ្ឋ ត្រូវមានភាពអំណត់ ជឿជាក់ និងពិនិត្យមើលលទ្ធផលជាក់ស្ដែងរបស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍខេត្តទាំង៤ ថាតើមានការអភិវឌ្ឍបែបណា នាពេលខាងមុខ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ