រដ្ឋមន្ត្រីក្រសួងអធិការកិច្ច៖ សុខសន្តិភាព ស្ថេរភាពនយោបាយ នៅកម្ពុជា ទាក់ទាញអ្នកវិនិយោគក្រៅប្រទេសជាច្រើន សម្រាប់ការចាប់ផ្តើមធុរកិច្ចរបស់ខ្លួន
(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក បាត ម៉ីយើ (BART MEIJER ) ប្រធានក្រុមហ៊ុនអចលនទ្រព្យ Meijer Realty Partners “MRP” មកពីប្រទេសហូឡង់ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួអធិការកិច្ចឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានលើកឡើងពី លក្ខណៈពិសេស និងជាបរិយាកាសវិនិយោគដែលមានអំណោយផលដល់អ្នកវិនិយោគរបស់កម្ពុជា គឺ សុខសន្តិភាព ស្ថេរភាពនយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការផ្តល់ជូននូវបរិយាកាសវិនិយោគដ៏ល្អ តាមរយៈការធានាការពារវិនិយោគិនស្របតាមច្បាប់ និងមានយន្តការលើកទឹកចិត្តដល់អ្នកវិនិយោគជាច្រើន កំលាំងពលកម្មទាប តែប្រកបដោយថាមពល និងការទទួលខុសត្រូវ ។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្ដីសោមនស្សរីករាយស្វាគមន៍ លោក BART MEIJER និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ និងស្វែងយល់ពីសភាពការណ៍ពិតពីនយោបាយ សង្គម និងសេដ្ឋកិច្ច បទដ្ឋានគតិយុត្ត យន្តការលើកទឹកចិត្តននានារបស់រាជរដ្ឋាភិបាល ព្រមទាំងឪកាសវិនិយោគ សម្រាប់ការចាប់ផ្តើមធុរកិច្ចរបស់ខ្លួន នៅ កម្ពុជា ។
លោក BART MEIJER បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតដល់រូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនពីផែនការវិនិយោគ និងដៃគូវិនិយោគដែលជាក្រុមហ៊ុននានាពីប្រទេសអង់គ្លេស ក្រិក ម៉ាឡេស៊ី និងហូឡង់ឈ្មោះថា Meijer Realty Partners “MRP” ដែលបានវិវត្តពីក្រុមហ៊ុនគ្រួសារ Meijer Family Heritage បង្កើតឡើងតាំងពីកំឡុងឆ្នាំ១៩០០ ក្លាយជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំឈានមុខគេនៅប្រទេសហូឡង់នាឆ្នាំ២០១៣ ហើយបានពង្រីកអាជីវកម្មរបស់ខ្លួនពេញទ្វីបអឺរ៉ុបជាពិសេសភាពជោគជ័យក្នុងប្រទេសក្រិកនាឆ្នាំ២០២១ ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការមកជួបសម្ដែងការគួរសម និងជំនឿទុកចិត្តក្នុងការបោះទុនវិនិយោគនៅប្រទេសកម្ពុជា ដោយភាពកក់ក្តៅដែលជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ។ ប្រសិនមានបញ្ហាលំបាកណាមួយ សូមឱ្យក្រសួងអធិការកិច្ច បានដឹង ក្រសួងនឹងជួយសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជូនពរលោកប្រធានក្រុមហ៊ុន ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនទាំងអស់ មានសុខភាពល្អ និងជោគជ័យក្នុងការអាជីវកម្មដែលនឹងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍវិស័យអចលនវត្ថុ និងការទាក់ទាញវិនិយោគបរទេសមកប្រទេសកម្ពុជា ឱ្យមានសន្ទុះឡើងវិញ និងចូលរួមជម្រុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត ជាពិសេសលើទំនុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ជូនដល់អ្នកវិនិយោគទាំងអស់នៅប្រទេសកម្ពុជា ៕
ដោយ ហេង សម្បត្តិ