សម្ដេចធិបតី ហ៊ុន ម៉ាណែត ចោទសួរថា តាំងពីជាង២៥ឆ្នាំមុន ពេលបក្សប្រឆាំងនៅជាសមាជិកសភា មិនព្រមជំទាស់រឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV បាត់បង់ទឹកដី
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចោទសួរទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកថា តាំងពីជាង២៥ឆ្នាំមុន ពេលបក្សប្រឆាំងនៅជាសមាជិកសភា មិនព្រមជំទាស់រឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV បាត់បង់ទឹកដី ។ ការចោទជាសំនួររបស់សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សួរទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី៩ ជាង ១ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ និងបន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយមនេះ បានញុះញុងបងប្អូនប្រជាពលរដ្ឋ ពិសេស យុវជន មិនឱ្យគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចោទសួរទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកថា បើរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA បាត់បង់ទឹកដី ចុះហេតុអ្វីរឿងនេះ តាំងពីជាង ២៥ឆ្នាំមុន ពេលបក្សប្រឆាំងនៅជាសមាជិកសភា មិនព្រមជំទាស់តាំងពីពេលនោះ ទើបមកបញ្ឆេះរឿង អូសទាញយុវជនឱ្យធ្វើបាតុកម្មនាពេលនេះ ។
ទន្ទឹងនឹងនេះ សម្ដេចធិបតី មានប្រសាសន៍ប្រាប់ប្រជាពលរដ្ឋថា រាជរដ្ឋាភិបាល ប្ដេជ្ញារក្សាអធិបតេយ្យភាព ការពារបូរណភាពទឹកដី ជំរុញការអភិវឌ្ឍ និងរក្សាស្ថិរភាពសុខសន្តិភាពជូនកម្ពុជា ឱ្យខាងតែបាន ។
ជាមួយនេះ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល ស្ដាប់រាល់កង្វល់ទាំងអស់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA និងដោះស្រាយបញ្ហានោះឱ្យបាន ដូច្នេះប្រជាពលរដ្ឋត្រូវរួបរួមគ្នា សាមគ្គីគ្នា ។ បងប្អូនបញ្ចេញមតិ ប៉ុន្ដែកុំធ្វើសកម្មភាពហួសព្រំដែនកំណត់ ។
សម្តេច បន្តថា៖ ថ្ងៃនេះ ខ្ញុំសូមពន្យល់បងប្អូនដែលមានកង្វល់ ការកង្វល់អំពីទឹកដីរបស់យើង ជាកាតព្វកិច្ចរបស់មនុស្សគ្រប់គ្នា មិនថា ប្រជាពលរដ្ឋ មន្ត្រីរាជការ ឬមិនថា អ្នកមាននិន្នការនយោបាយណានោះទេ។ បងប្អូនអចារ្យ ឬអាចារ្យសុទ្ធតែចង់ថែរក្សាវប្បធម៌ អត្តសញ្ញាណប្រាកដមួយរបស់ខ្មែរ ។
សម្តេចធិបតីបានបន្ថែមថា៖ នេះជារឿងចាំបាច់គឺការឯកភាពជាតិ ការរួមគ្នាពង្រឹងថែរក្សាអត្តសញ្ញាណជាតិ និងថែរក្សានូវអ្វីជារបស់ខ្មែរ ជាការចាំបាច់ដែលខ្មែរ គ្រប់ជំនាន់ត្រូវតែធ្វើ, ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព ឯកភាពជាតិ កុំឲ្យមានការបែកបាក់ ព្រោះចំណុចនឹងហើយជាមូលដ្ឋាននៃការបែកបាក់ មិនមែនតែបាត់ទឹកដីនោះទេ គឺបាត់ទាំងមនុស្ស (ស្លាប់) រត់ចោលស្រុក និងបាត់ទាំងវប្បធម៌ ។
ជាមួយគ្នានោះដែរ សម្តេចធិបតីបានអះអាងថា ទោះបីធ្វើអ្វីក៏ដោយ កុំឲ្យមានការបែកបាក់សាមគ្គីជាតិ ហើយការបញ្ចេញទស្សនៈត្រូវមានក្របខណ្ឌមួយ ដោយកុំឲ្យឈានដល់ការប្រើហិង្សា កាប់ចាក់គ្នា រហូតដល់ប៉ះពាល់ដល់អធិបតេយ្យភាព និងបែបបាក់គ្នា ។ បើមានហិង្សាកើតឡើងហើយ មិនចប់ត្រឹមការឈប់វៃគ្នានោះទេ ដូចជានៅប្រទេសបង់ក្លាដេស ការវាយប្រហារគ្នាឈប់ហើយ ប៉ុន្តែការសងសឹកគ្នានៅតែមានរាល់ថ្ងៃ មិនទាន់ចប់នោះទេ ។
សម្តេចនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យបងប្អូនចូលរួមថែរក្សា និងអភិវឌ្ឍន៍ប្រទេសជាមួយគ្នា ពិសេសនោះ នៅភាគឦសានប្រទេសតែម្តង។ ការធ្វើបែបនេះ ដើម្បីកុំឲ្យកង្វល់ក្លាយជាការពិត ដោយបែរមកពង្រឹងខ្មែរយើងឲ្យខ្លាំង តាមរយៈថែរក្សានូវសាមគ្គី និងឯកភាពជាតិ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ