រដ្ឋមន្ត្រីការបរទេសកម្ពុជា ដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី​ការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅថៃ

(ភ្នំពេញ)៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី៩ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅខេត្តឈៀងម៉ៃ តបតាមការអញ្ជើញ របស់ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កិច្ចប្រជុំក្រោមមូលបទ “ឆ្ពោះទៅកាន់ សហគមន៍មេគង្គ-ឡានឆាង ប្រកបដោយសុវត្ថិភាព និងស្អាតជាងមុន” នឹងផ្តល់នូវកាលានុវត្តភាពសម្រាប់រដ្ឋមន្ត្រីការបរទេសដើម្បីពិភាក្សាពីវឌ្ឍនភាព ដែលសម្រេចបានក្រោមយន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមមានការអនុវត្តនូវលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ កាលពីខែធ្នូ ឆ្នាំ ២០២៣ ការរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន ព្រមទាំងការស្វែងរកវិធីឱ្យកាន់តែ ប្រសើរឡើង ដោយផ្អែកលើផែនការសកម្មភាព ៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) ក្នុងការជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រជាជននៅក្នុងអនុតំបន់មេគង្គទាំងមូល។

ក្នុងពេលស្នាក់នៅខេត្តឈៀងម៉ៃ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏គ្រោងនឹងមានជំនួបទ្វេភាគីដោយឡែកពីគ្នាផងដែរ ជាមួយ រដ្ឋមន្ត្រីការបរទេសដទៃទៀត សំដៅពង្រឹងបន្ថែមនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕

ដោយ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner