សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កោតសរសើរ ប្រធានសមាគមសល្បិករខ្មែរ ដែលបានរៀបចំព្រឹត្តិការណ៍”ស្នាមញញឹមកម្ពុជា” ដើម្បីបង្ហាញដល់ពិភពលោក
(ខេត្តសៀមរាប)៖ សមាគមសិល្បករខ្មែរ រួមគ្នាថែរក្សា ការពារ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ ទេសចរណ៍ និង កេរដំណែលដ៏មហិមារបស់ដូនតា ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងជានិច្ចនិរន្តន៍ ល្បីសុះសាយនៅលើសកលលោក ។
នេះគឺជាការលើកឡើងរបស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ក្នុងក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមកម្ពុជា” ដែលរៀបចំឡើងនៅមុខប្រាសាទអង្គរ ក្នុងទឹកដីដ៏ពិសិដ្ឋ នៃខេត្តសៀមរាប ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បន្តថា នៅថ្ងៃទី១៥ ខែសីហា នេះ សមាគមសិល្បករខ្មែរ មានរៀបចំពិព័រណ៍ម្ហូបអាហារ នំចំណី ផ្លែឈើ និងភេសជ្ជៈបែបខ្មែរ មានការប្រគំតន្ត្រីខា្នតតូច សំឡេងស្រាល ការសម្តែងផ្ទាំងទស្សនីយភាពសិល្បៈផ្សេងៗជាច្រើនទម្រង់ អមដោយការអត្ថាធិប្បាយពីពិធីករពិធីការិនីល្បីៗ ដើម្បីជាកិច្ចស្វាគមន៍ និងផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរក្រោមកិច្ចសហការគាំទ្រ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា សហព័ន្ធទេសចរណ៍ និងដៃគូសហការជាច្រើនទៀតក្នុងគោលបំណងធ្វើការផ្សព្វផ្សាយសិល្បៈវប្បធម៌ ដើម្បីទេសចរណ៍នៅលើទឹកដីនៃប្រវត្តិសាស្ត្រដ៏រុងរឿងសៀមរាបអង្គរដ៏អច្ឆរិយរបស់ កម្ពុជា»។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» គឺជាព្រឹត្តិការណ៍នៃការជួបជុំសិល្បករ សិល្បការិនី បុគ្គលដែលមានឈ្មោះល្បីនៅលើបណ្តាញសង្គម និងអ្នកជំនាញបង្កើតមាតិកាល្អៗ មកស្ថិតនៅលើដែនដីអង្គរតែមួយ ក្នុងបំណងរួមគ្នា ផលិតមាតិកាវីដេអូខ្លីៗ ស្តីអំពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងតំបន់ទេសចរណ៍ល្បីៗក្នុងតំបន់អង្គរ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍វប្បធម៌ ធម្មជាតិរបស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៕
ដោយ ៖ ថេត វិចិត្រ