រាជរដ្ឋាភិបាល ប្ដេជ្ញាការពារពលរដ្ឋ ប្រទេសជាតិ និងសន្ដិភាពរបស់កម្ពុជា ឱ្យបានដាច់ខាត
(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ប្ដេជ្ញាត្រូវការពារប្រជាពលរដ្ឋ ប្រទេសជាតិ និងសន្ដិភាពរបស់កម្ពុជាឱ្យបានដាច់ខាត ខណៈរាជរដ្ឋាភិបាល ក៏ត្រៀមអនុវត្តច្បាប់ ចំពោះអ្នកបំផុសធ្វើអ្វីខុសច្បាប់ ។ នេះជាការគូសបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល ជាមួយអាចារ្យ អាចារិនី លើកទី៩ ជាង ១ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយក្ដាប់តូច កំពុងបញ្ឆេះកំហឹង អូសទាញយុវជនឱ្យធ្វើសកម្មភាព ធ្វើបាតុកម្ម ដោយយកគំរូតាមបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក។ ប៉ុន្ដែសកម្មភាពទាំងនេះ គឺជាសកម្មភាពខុសច្បាប់ រាជរដ្ឋាភិបាល មិនអាចអត់ឱនឱ្យជាដាច់ខាត គឺត្រូវតែអនុវត្តវិធានការច្បាប់ ដើម្បីរក្សាស្ថិរភាព និងសន្ដិភាពរបស់កម្ពុជា ។
សម្ដេចធិបតី បានបន្តថា ជំហរមួយរបស់កម្ពុជា នៅលើឆាកអន្តរជាតិ គឺប្រឆាំងការបំបែករដ្ឋ ។ បើយើងប្រកាន់ជំហរបែបនេះ គឺកម្ពុជា មិនអនុញ្ញាតឱ្យមានការបំបែកខេត្តនៅកម្ពុជា ដាច់ខាត ។ ដូច្នេះប្រជាពលរដ្ឋ សូមកុំមានកង្វល់ចំពោះរឿងបាត់ខេត្តទាំង៤ របស់កម្ពុជា ឱ្យសោះ ។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានអំពានាវដល់ប្រជាពលរដ្ឋ ត្រូវមានភាពអំណត់ ជឿជាក់ និងពិនិត្យមើលលទ្ធផលជាក់ស្ដែង លើការអភិវឌ្ឍខេត្តទាំង៤ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ថាតើមានការអភិវឌ្ឍបែបណា នាពេលខាងមុខ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ