សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ បើគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស បាត់បង់ខេត្តទាំង ៤ ក្នុងក្របខណ្ឌ CLV សូមបងប្អូនពលរដ្ឋ បោះឆ្នោតទម្លាក់ចោលទៅ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ឱ្យបងប្អូន ប្រជាពលរដ្ឋ បោះឆ្នោតទម្លាក់ចោលទៅ ប្រសិនបើ គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសបាត់បង់ អធិបតេយ្យភាព និងខេត្តទាំង៤ ក្នុងក្របខណ្ឌ CLV ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី៩ ជាង ១ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងជាឱឡារិកថា បើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស ហើយធ្វើឲ្យបាត់បង់ទឹកដីខេត្តចំនួន ៤ ដែលបានដាក់ក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដូចការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋនោះ សូមបោះឆ្នោតទម្លាក់សម្តេច និងគណបក្សប្រជាជនចោលទៅចុះ។
សម្តេចធិបតី បានលើកឡើងថា ការជជែកវែកញែកគ្នា ចំពោះបញ្ហា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ពីសំណាក់បងប្អូនប្រជាពលរដ្ឋនោះគឺពិតជាត្រឹមត្រូវ ប៉ុន្តែទោះជាយ៉ាងណា រាជរដ្ឋាភិបាល នឹងមិនឲ្យបាត់បង់ នូវអធិបតេយ្យ និងដែនដីរបស់ខ្មែរទាំងបួនខេត្តនោះឡើយ ផ្ទុយទៅវិញ មានតែធ្វើឲ្យខេត្តទាំងបួននេះ កាន់តែរីកចម្រើនទៅមុខ កាន់តែខ្លាំងក្លាបន្ថែមទៀត តាម រយៈការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន រួមទាំងមជ្ឈមណ្ឌលសេដ្ឋកិច្ចជាដើម។
សម្តេចនាយករដ្ឋមន្រ្តីបានបន្ថែមថា ដើម្បីលុបបំបាត់កង្វល់ របស់បងប្អូនប្រជាពលរដ្ឋ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀណាម គឺមានតែរាជរដ្ឋាភិបាល ខិតខំអភិវឌ្ឍន៍តំបន់ខេត្តទាំងបួននោះ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ហើយក្នុងរយៈពេលទៅខាងមុខ បើតំបន់បួនខេត្ត ដែលគេចោទប្រកាន់ថា រាជរដ្ឋាភិបាល កាត់ឲ្យវៀតណាមនោះ បងប្អូនមានសិទ្ធិទាមទារ ប្តឹងទៅអង្គការសហប្រជាជាតិ និងពិសេសនោះ គឺមានសិទ្ធិបោះឆ្នោតទម្លាក់ ប្រសិនបើ ករណីហ្នឹង កើតមែនដូចតាមគេញុះញង់ និងចោទប្រកាន់មកនោះ ៕