គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រៀមកម្លាំងរួចជាស្រេច ចំពោះ ក្រុមជ្រុលនិយមដែលគ្រោង ធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨ សីហាខាងមុខ
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃ ទី១៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តមកើត ឆែ អភិបាលរងរាជធានី តំណាងឱ្យឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លើកឡើងថា៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ មានសិទ្ធិអំណាចត្រឹមតែលើកឡើងជាសំណើរទៅរដ្ឋបាលរាជធានីភ្នំពេញពីចំណុចខ្វះខាតដើម្បីឱ្យរដ្ឋបាលរាជធានី ឬ រដ្ឋបាលខណ្ឌ កែលម្អរ និងអនុវត្តតាមតែប៉ុណ្ណោះ ។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញវិញ មានតួនាទី ជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ អាចបញ្ជាកងកម្លាំងគ្រប់ប្រភេទបាន ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពនិងបំពេញការងាររដ្ឋបាលជាច្រើនទៀត។
ឯកឧត្តម កើត ឆែ បានលើកឡើងថា៖ ចំពោះការងារទប់ស្កាត់បទល្មើសនានា ជាមួយការងារថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងនាមគណៈបញ្ជាការឯកភាពរាជធានី យើងបានធ្វើឡើងជាប្រចាំនិងទទួលបានភាពកក់ក្តៅពីប្រជាពលរដ្ឋ។ ចំពោះ ក្រុមអគតិនិងពួកជ្រុលនិយមដែលគ្រោងនឹងរៀបចំធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នាថ្ងៃទី១៨សីហាខាងមុខនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចជាស្រេចហើយ គឺមិនអោយកើតមានចលនាជ្រុលនិយមខាងលើនេះ កើតមានជាដាច់ខាត ដោយធានាថា កិច្ចការពារសន្តិសុខ សុវត្ថិភាព និងការរក្សាស្ថេរភាពនយោបាយ ធានាបាន ១០០ភាគរយ ។
ចំពោះការងារបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ ឯកឧត្ដម កើត ឆែ បានលើកឡើងថា៖ យើងនឹងបន្តបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព ក្នុងការបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ ដូចជាការបាក់ដើមឈើ រលំប៉ាណូ និងគ្រោះលិចលង់ដោយជំនន់ទឹកភ្លៀងជាដើម ៕
ដោយ ៖ ហេង សម្បត្តិ