ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កូនខ្មែរជោគជ័យ ពលរដ្ឋខ្មែរជោគជ័យ នឹងនាំមកនូវជោគជ័យ របស់ប្រទេសជាតិទាំងមូល
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខាសាធារណៈ បានលើកឡើងថា អ្វីដែលកូនខ្មែរម្នាក់ៗ ពលរដ្ឋខ្មែរម្នាក់ៗ ជោគជ័យ មិនថាក្នុងការសិក្សា មិនថាក្នុងការធ្វើអាជីវកម្ម បង្កើតអាជីវកម្មជោគជ័យ គឺជាជោគជ័យរបស់ប្រទេសជាតិ ទាំងមូល ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រលើកទី៣៣ ជូនដល់និស្សិតជ័យលាភី ថ្នាក់វេជ្ជបណ្ឌិត ថ្នាក់ទន្តបណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសំណង់ស៊ីវិល សុខភាពសហគមន៍ សុរិយោដីនិងអភិរក្ស ចំនួន ៣៧៧នាក់ នៅសាកលវិទ្យាល័យអន្តរជាតិ (IU) នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា និស្សិតម្នាក់ៗជាផ្នែកមួយក្នុងការចូលរួមសម្រេចចក្ខុវិស័យ ២០៥០ ក្នុងនោះ ភាពជោគជ័យរបស់យើងទាំងអស់គ្នា មិនមែនអាចកាត់ផ្តាច់ដោយឡែកពីភាពជោគជ័យនៃសង្គមជាតិ និងប្រទេសជាតិឡើយ ព្រោះយើងទាំងអស់គ្នា មានការផ្សារភ្ជាប់អនាគតរបស់ខ្លួន ទៅនឹងអនាគតរបស់ប្រទេស។
ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមពីការយកចិត្តទុកដាក់ និងការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានចាត់ទុកធនធានមនុស្សជាអាទិភាពទី១ ដោយបានផ្តល់បរិយាកាសក្នុងការពង្រីកឱកាសជូនយុវជន សិស្ស និស្សិត ដើម្បីអភិវឌ្ឍចំណេះដឹង និងប្រើប្រាស់សមត្ថភាព ក្នុងទិសដៅរួមតែមួយ ដើម្បីអនាគតកម្ពុជា និងអ្នកជំនាន់ក្រោយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា កត្តាកំណត់មាគ៌ាជីវិតឱ្យជោគជ័យនេះ គឺការខិតខំប្រឹងប្រែង របស់បុគ្គលម្នាក់ៗ”។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងប្រឹងប្រែងដូចគ្នាក្នុងការរៀបចំបរិយាកាស ក៏ដូចជាស្វែងរកឱកាសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការទាក់ទាញវិនិយោគិនផង និងការរៀបចំផ្ទះសំបែងរបស់យើងឱ្យបានស្អាត និងមានរបៀបរៀបរយផង។ សូមបន្តជឿជាក់ លើរាជរដ្ឋាភិបាលកម្ពុជា ហើយចូលរួមជាមួយគ្នា ដើម្បីអនាគតប្រជាជាតិកម្ពុជាយើង ៕
ដោយ ៖ វណ្ណលុក