លោកប៊ិន ស៊ូឈី ៖ ការផ្តល់វិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺផ្តល់ទំនុកចិត្តក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងកាត់បន្ថយវិវាទដីធ្លី
(ភ្នំពេញ)៖ លោក ប៊ិន ស៊ូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីរាជធានីភ្នំពេញ មានប្រសាសន៍ថា ការផ្តល់វិញ្ញាបណ្ណបត្រសម្គាល់ ម្ចាស់ អចលនវត្ថុ គឺផ្តល់ទំនុកចិត្តក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងកាត់បន្ថយវិវាទដីធ្លី របស់ប្រជាពលរដ្ឋ ។
នេះជាការលើកឡើងក្នុងឱកាសពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន១២០៩បណ្ណ ជូនប្រជាពលរដ្ឋក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ។
លោក ប៊ិន ស៊ូឈី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តី អាជ្ញាធរខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អ យោគយល់អធ្យាស្រ័យគ្នា ដើម្បីឱ្យដំណើការនៃការចុះបញ្ជី បានទៅដោយរលូន និងឈានដល់ការចែកបណ្ណនាពេលនេះ ។ លោកអនុប្រធានមន្ទីរ ក៏បានផ្តាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ សូមថែរក្សានិងទុកដាក់ឱ្យបានត្រឹមត្រូវ ជៀសវាងខូចឬបាត់ ។
លោក ជ គឹមស៊ អភិបាលរងខណ្ឌដង្កោ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់អណត្តិ តែងតែបានគិតគូរនិងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានបណ្ណកម្មសិទ្ធិត្រឹមត្រូវស្របទៅតាមច្បាប់ ហើយវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ។
លោកស្រី ព្រំ គន្ឋា អនុប្រធានក្រុមចុះបញ្ជីប្រចាំខណ្ឌដង្កោ បានឱ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ មានចំនួន ១២០៩បណ្ណ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ យុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី ៣ ចំណុចរួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤៕
ដោយ / គ្រី សម្បត្តិ