រយៈពេល ៨ខែមកនេះ ខេត្តស្វាយរៀង សម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបាន ៧៧.០៧១ប័ណ្ណ និងចែកប័ណ្ណជូនប្រជាពលរដ្ឋបាន ៤ម៉ឺនប័ណ្ណ
(ស្វាយរៀង)៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ដស្វាយរៀង បានថ្លែងថា ក្នុងរយៈពេល ៨ខែមកនេះ ក្រុមការងារសម្រេចបាននូវការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៦៦ភូមិ ស្មើនឹង ៧៧.០៧១ប័ណ្ណ និងចែកប័ណ្ណជូនប្រជាពលរដ្ឋ បានប្រមាណ ៤ម៉ឺន ប័ណ្ណ ។ ជាក់ស្តែងនៅថ្ងៃនេះ យើងបន្តចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩.៩៥៥ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិសំយ៉ោង ឃុំសំយ៉ោង និងភូមិរោទិ៍ ភូមិត្រពាំងឆ្លូញ ភូមិត្រពាំងត្រាវ ភូមិញរ និងភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ឯកឧត្តម បានគូសបញ្ជាក់ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ គឺមានសារៈប្រយោជន៍ណាស់សម្រាប់យើងទាំងអស់គ្នាជារូបវន្តបុគ្គល ក៏ដូចជាសង្គមជាតិទាំងមូល ព្រោះការចុះបញ្ជីដីធ្លីនេះ បានផ្តល់ឲ្យរដ្ឋអាចធ្វើការគ្រប់គ្រងដីធ្លី ទាំងដីរដ្ឋ និងដីឯកជនបានច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព បង្កលក្ខណៈងាយស្រួលក្នុងការងាររៀបចំដែនដី និងផែនការប្រើប្រាស់ដីធ្លី ព្រមទាំងកាត់បន្ថយបាននូវទំនាស់ដីធ្លី និងវិបត្តិសង្គម ដែលបណ្ដាលមកពីទំនាស់ដីធ្លី ។
ឯកឧត្តម ប៉េង ពោធិ៍សា បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចដាក់ចេញនូវ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨» ដោយនៅក្នុងគោលនយោបាយអភិវឌ្ឍតាមវិស័យ ក្នុងនោះក៏បានផ្តោតយ៉ាងសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ ដោយត្រូវបន្តអនុវត្តការកែទម្រង់ឲ្យកាន់តែសកម្ម និងស៊ីជម្រៅ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឲ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញបញ្ចប់ការចុះបញ្ជីដីគ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌឲ្យបានចប់សព្វគ្រប់ជាស្ថាពរនៅក្នុងអាណត្តិទី៧នេះ ៕
នុត នាង