ចិនប្រើដ្រូនម៉ាស៊ីនភ្លោះដឹកទំនិញ
ប៉េកាំង: យន្តហោះដឹកជញ្ជូនគ្មានមនុស្សបើក ឬដ្រូន ដែលមានម៉ាស៊ីនភ្លោះ របស់ប្រទេសចិន បានបញ្ចប់ការធ្វើតេស្តហោះហើរលើកដំបូង កាលពីថ្ងៃអាទិត្យ ចេញពីអាកាសយានដ្ឋាន Zigong Fengming ខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សារព័ត៌មានចិន CGTN។
ការហោះហើរសាកល្បងនេះ មានរយៈពេលប្រហែល ២០នាទី ដោយប្រព័ន្ធទាំងអស់របស់យន្តហោដ្រូនដំណើរការជាធម្មតាដូចតាមរំពឹងទុកដែលនឹងបើកផ្លូវឲ្យចិនប្រើដ្រូននេះសម្រាប់ដឹកទំនិញបន្ថែមពីលើការប្រើរថយន្ត។
យន្តហោះដ្រូននេះ ត្រូវបានរចនាឡើងជាមួយនឹងលក្ខណៈពិសេសៗជាច្រើន មានដូចជាការផ្ទុកទំនិញងាយស្រួល និងមានសុវត្ថិភាពខ្ពស់។ យន្តហោះនេះ មានស្លាបប្រវែង ១៦,១ម៉ែត្រ និងកម្ពស់ ៤,៦ម៉ែត្រ អាចមានសមត្ថភាពផ្ទុកទំនិញបាន ២តោន។
យន្តហោះដ្រូនខ្នាតធំ នេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sichuan Tengden Sci-tech Innovation Co., Ltd. ដែលជាសហគ្រាសឈានមុខគេនៅប្រទេសចិនសម្រាប់ការស្រាវជ្រាវ ការផលិត និងកម្មវិធីប្រើប្រាស់យន្តហោះឆ្លាតវៃ។
កាលពីឆ្នាំ ២០២៣ ការបោះទុនវិនិយោគលើបច្ចេកវិទ្យាតាក់ស៊ីហោះ និងយន្តហោះដ្រូនជាដើម បានកើនឡើង ៣៣.៨ភាគរយ ដល់ជាង ៧០ពាន់លានដុល្លារ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរបានរាយការណ៍ថា នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ យន្តហោះដ្រូន ថ្មីជិត ៦០៨.០០០គ្រឿងត្រូវបានចុះបញ្ជី។
៕ ប្រភព៖ Global Times ប្រែសម្រួលដោយ៖ ឈឹម ទីណា