«ទីក្រុងអេប៉ុង» ជាជម្រើសថ្មីសម្រាប់បញ្ជៀសទឹកជំនន់
ប៉េកាំង: ខណៈដែលទីក្រុងនានានៅទូទាំងពិភពលោកកំពុងជួបព្យុះភ្លៀងដ៏ខ្លាំងក្លាដែលនាំឲ្យជន់លិច ប៉ះពាល់កាន់តែធ្ងន់ធ្ងរឡើងដល់ការរស់នៅ និងការធ្វើអាជីវកម្ម និងពាណិជ្ជកម្ម ទូរទស្សន៍ CNN បានចេញផ្សាយពីជម្រើសសម្រាប់ឲ្យទីក្រុងបញ្ចៀសទឹកជំនន់។
ក្នុងចំណោមជម្រើសនោះ CNN រាយការណ៍ដោយផ្អែកលើការអនុវត្តជាក់ស្តែងរបស់ទីក្រុងមួយចំនួនថា ការបង្កើត «ទីក្រុងអេប៉ុង» ជាវិធីសាស្ត្រតែមួយគត់ដែលប្រទេសនានាទទួលស្គាល់ពីប្រសិទ្ធិភាព។ ទីក្រុងអេប៉ុង មិនមែនមានន័យថា ប្រើអេប៉ុងសម្រប់សាង់សង់ទីក្រុងនោះទេ។ ទីក្រុងអេប៉ុង គឺជាពាក្យប្រៀបធៀបដែលប្រើដើម្បីពិពណ៌នាអំពីរបៀបដែលទីក្រុងទាំងនេះគ្រប់គ្រងទឹក។ វាប្រៀបដូចជាអេប៉ុងដែលអាចស្រូបយក និងទប់ទឹក និងអាចបញ្ចេញទឹកមកវិញនៅពេលត្រូវការ។
ទីក្រុងអេប៉ុង សំដៅលើការរៀបចំឬសាងសង់ទីក្រុងនៅតំបន់បៃតងដីសើម និងការរចនាហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលអាចគ្រប់គ្រងលំហូរទឹកប្រកបដោយប្រសិទ្ធភាព ដូចជា ការបង្កើតសួនឧទ្យានធំៗ ផ្លូវទឹក និងអាងស្តុកទឹក និងប្រព័ន្ធចម្រោះទឹកនោះសម្រាប់យកទៅប្រើប្រាស់វិញ ជាជាងការបង្ហូរចោល។ លក្ខណៈពិសេសទាំងនេះអនុញ្ញាតឱ្យទីក្រុងបែបនេះស្រូបយកទឹកភ្លៀងដែលលើស កាត់បន្ថយទឹកជំនន់ និងកែលម្អគុណភាពទឹកប្រើប្រាស់ទៀតផង។ ជារួម ទីក្រុងអេប៉ុងត្រូវបានរចនាឡើងដើម្បីស្រូប រក្សាទុក និងបញ្ចេញទឹកភ្លៀងមកវិញបាន។
យោងតាមគេហទំព័រ Monich Re ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះការខាតបង់ពីទឹកជំនន់ទូទាំងពិភពលោកមានចំនួន 320 ពាន់លានដុល្លារអាមេរិក។
នៅអាស៊ី ប្រទេសចិនរងគ្រោះធ្ងន់ជាងគេ។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោកក្នុងឆ្នាំ ២០២១ បានឱ្យដឹងថា ទីក្រុងចំនួន៦៤១ក្នុងចំណោមទីក្រុងធំៗចំនួន៦៥៤ របស់ប្រទេសចិន បានប្រឈមនឹងទឹកជំនន់ជាប្រចាំ។ ទន្ទឹមនឹងការរងគ្រោះនេះ ប្រទេសចិនក៏ជាអ្នកនាំមុខគេក្នុងការកសាងទីក្រុងអេប៉ុងនេះដែរ។ មកដល់ពេលនេះ មានទីក្រុងជាង ៧០ហើយមកដល់ពេលនេះ កំពុងអនុវត្តគម្រោងទីក្រុងអេប៉ុងនេះ។
ចំណែកនៅទូទាំងពិភពលោកវិញ ក្រុមហ៊ុន Turenscape បានរៀបចំផែនការ និងរចនាគម្រោងជាង ១០.០០០គម្រោងនៅក្នុងទីក្រុងជាង២៥០ ហើយបានបញ្ចប់ជាង ១.០០០ គម្រោងហើយ។
ប្រភព៖ CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា