សហភាពប្រៃសណីយ៍សកល (UPU) នឹងបន្តគាំទ្រវិស័យប្រៃសណីយ៍នៅកម្ពុជា

ភ្នំពេញ៖ លោក Masahiko Metoki អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៥ សីហា ឆ្នាំ២០២៤ បានសន្យានឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យ​ប្រៃសណីយ៍​នៅកម្ពុជា ។

ក្នុងឱកាសនៃជំនួបនេះ លោក Masahiko Metoki អគ្គនាយកនៃសហភាព​ប្រៃសណី​យ៍​សកល (UPU) បានកោតសសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា និងបានវាយតម្លៃ​ខ្ពស់​ចំពោះជោគជ័យនៃគម្រោងទំនើបកម្មដំណើរការប្រតិបត្តិការប្រៃសណីយ៍នៅកម្ពុជា ដែលមានការចូលរួមពី UPU និងប្រទេសជប៉ុន។

លោកអគ្គនាយកបានគូសបញ្ជាក់ថា ជោគជ័យនៃគម្រោងនេះ គឺដោយសារកម្ពុជាមាន​ឆន្ទៈ​ក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យនេះ និងបានចាត់ទុកកម្ពុជា ជាប្រទេសគំរូមួយ​ក្នុង​កិច្ច​ប្រឹងប្រែងធ្វើទំនើបកម្មវិស័យប្រៃសណីយ៍ ។

លោកអគ្គនាយក ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបាន​ទទួលធ្វើជា​ម្ចាស់​ផ្ទះរៀបចំ “កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១២-១៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ការណ៍នេះគូសបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់លើសារៈសំខាន់នៃការ​កសាង​បណ្តាញប្រៃសណីយ៍។

សម្តេចធិបតី បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ UPU ក្នុងការធ្វើទំនើបកម្មក្នុងវិស័យប្រៃសណីយ៍ នៅកម្ពុជា ដែលរួមចំណែកដល់ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចរបស់ប្រទេស និងបានលើកទឹកចិត្តឱ្យសហភាព UPU បន្តកិច្ចសហ​ប្រតិបត្តិការក្នុងការគាំទ្រ និងចែករំលែកបទពិសោធន៍ និងចំណេះធ្វើ ពាក់ព័ន្ធនឹង​បច្ចេ​កវិទ្យា និងសមត្ថភាពក្នងវិស័យប្រៃសណីយ៍ ជាមួយកម្ពុជា បន្តទៀត។

(UPU) គឺជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិដែលសម្របសម្រួល​ប្រៃសណីយ៍ជាសកល ។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៧៤ (UPU) គឺជាអង្គការ​អន្តរជាតិចំណាស់ជាងគេទីពីរទូទាំងពិភពលោក ដែលមានប្រទេសចំនួន ១៩២ ជាសមាជិក។ បេសកកម្មរបស់ UPU គឺដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព​នៃសេវាកម្មប្រៃសណីយ៍សកលប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លៃសមរម្យ ដើម្បីជួយសម្រួលដល់ការទំនាក់ទំនងរវាងមនុស្ស ជុំវិញពិភពលោក ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner