រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែលមកទទួលសេវាព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដោយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង​សុខាភិបាល បានបន្តដំណើរចុះពិនិត្យសេវាសុខាភិបាលសាធារណៈ និងសួរ​សុខ​ទុក្ខមន្ត្រីសុខាភិបាល ព្រមទាំងអ្នកជំងឺមកទទួលសេវាព្យាបាល នៅមន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសចុះពិនិត្យបច្ចុប្បន្នភាព​ និងវឌ្ឍនភាពការបម្រើសេវាសុខាភិបាល​នៅមន្ទីរ​ពេទ្យបង្អែកខេត្តកំពង់ស្ពឺ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការ​ថ្លែងអំណរគុណ និងកោតសរសើរ ដល់មន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលប្រឹងប្រែងរួមគ្នាក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងតំបន់ ២៤ម៉ោង លើ២៤ម៉ោង ប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំងអស់ បន្តការ​សិក្សារៀនសូត្របន្ថែម ដោយផ្តោតលើមុខជំនាញដែលនៅពុំទាន់មាន ឫនៅមិនទាន់មុតស្រួច ដើម្បីបម្រើសេវាថែទាំព្យាបាលឱ្យកាន់តែមានគុណភាព សុវត្ថិភាព សក្តិសិទ្ធភាព និងសមធម៌ ជាពិសេសប្រកាន់ខ្ជាប់នូវស្មារតីទទួល​ខុស​ត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជូនប្រជាពលរដ្ឋ។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ មានប្រសាសន៍សង្កត់ធ្ងន់​លើ​ការគាំទ្រទាំងស្មារតី និងពិសេសកម្រឹត​បច្ចេកទេសព្យាបាល ដល់គ្រប់មន្ត្រីសុខា​ភិបាល ដែលការរៀនសូត្រគឺជាចំណែកមិនអាចខ្វះ ឫខកខានបានឡើយ មិនត្រឹម​តែកម្រឹតបច្ចេកទេស រួមទាំងភាពជាអ្នកដឹកនាំផ្តើមពីខ្លួនម្នាក់ៗឡើងទៅ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner