បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្តេជ្ញាការពារសុខសន្តិភាព និងប្រឆាំង​ដាច់ខាត​រាល់ការប៉ុនប៉ងណាមួយ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់

ខេត្តព្រះវិហារ៖ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន របស់​បញ្ជា​ការដ្ឋាន​តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានត្រៀមរួចជាស្រេចក្នុងការ​អន្ត​រាគមន៍ និងអនុវត្តរាល់បទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ដោយភក្តីភាព និងស្មោះ​ត្រង់ដាច់ខាត រាល់ការប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាព និងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ដែលបានប្រសូត្រចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នាពេល​កន្លងទៅ។

ការប្តេជ្ញាចិត្តរបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្ដម​សេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានធ្វើឡើងនៅយប់ថ្ងៃ ទី១៤ ខែសីហា ឆ្នាំ២០២៤ ក្នុងពេលប្រជុំជួរប្រកាសអាសន្ន ដល់កងកម្លាំងក្នុងអង្គភាពទាំងអស់ ឱ្យត្រៀម​អន្តរាគមន៍ អនុវត្តបទបញ្ជារបស់ថ្នាក់លើប្រគល់ជូន ទោះស្ថិតក្នុងកាលៈទេសៈណា​ក៏ដោយ ជាពិសេសការពារកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀត​ណាម ឡាវ (CLV-DTA) ដែលរាជរដ្ឋាភិបាល បាន និងកំពុងរៀបចំធ្វើការអភិវឌ្ឍន៍ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មានប្រសាសន៍ថា ក្នុងរយៈពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឆាំងអគតិ និងជ្រុលនិយមមួយក្តាប់តូច ដែលមានមូលដ្ឋាននៅក្រៅប្រទេស ក៏ដូចជាក្នុងប្រទេស នៅតែបន្តអនុវត្តន៍គ្រប់ឧបាយកល និងសកម្មភាពរបស់ខ្លួន បំផុសបំផុលបង្កឲ្យមានចលាចល ញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កឲ្យមានអសន្តិសុខ អស្ថិរភាពសង្គម បំបែកបំបាក់សាមគ្គីភាព បំផ្លិចបំផ្លាញសុខុមាលភាព វិបុលភាពសង្គមជាតិ និងប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ក្នុងពេលដែលកម្ពុជា កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។

លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មានប្រសាសន៍ទៀតថា ជាការឆ្លើយតប កម្លាំងរបស់ អង្គភាពតំបន់ប្រតិបត្តការសឹករងព្រះវិហារ យោធភូមិភាគទី៤ កងទ័ពជើងគោក សូមប្តេជ្ញាគោរព និងអនុវត្តដោយឥតងាករេ រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដោយភក្តីភាព ស្មោះត្រង់ដាច់ខាត ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញពីការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាមួយនឹងការគាំទ្រយ៉ាងច្រើនលើសលប់ របស់ប្រជាពលរដ្ឋកម្ពុជា ។

លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានប្តេជ្ញាការពារ និងថែរក្សា ឲ្យបានដាច់ខាត នូវសុខសន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈគ្រប់កាលៈទេសៈ ព្រមទាំងប្រឆាំងដាច់ខាត នូវរាល់អំពើណាក្នុងចេតនាបំផ្លិចបំផ្លាញ ផលប្រយោជន៍ជាតិ បំផ្លាញសន្តិភាព និងអំពើវិទ្ធង្សនាផ្សេងៗ ពីក្រុមអគតិ និងក្រុមជ្រុលនិយមមួយចំនួនទាំងក្នុង និងនៅក្រៅប្រទេស ៕

ដោយ ៖ ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner