មន្ត្រី UN ថ្កោលទោសការស្លាប់៤ម៉ឺននាក់នៅហ្គាហ្សា

បរទេស៖ ឧត្តមស្នងការ អង្គការសហប្រជាជាតិ ហៅកាត់ UN ទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសព្រឹត្តិការណ៍ដ៏គួរឲ្យសោកស្ដាយជាទីបំផុត នៅហ្គាហ្សា ដែលបានសម្លាប់មនុស្ស ចំនួន៤ម៉ឺននាក់ ក្នុងរយៈពេល១០ខែ មកនេះ។

លោក Volker Turk បាននិយាយពីការស្លាប់ជនជាតិប៉ាឡេស្ទីន នៅក្នុងការវាយលុក របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា។ លោកថែមទាំងចោទប្រកាន់យោធារបស់ប្រទេសមួយនេះថា បានបំពាន «ច្បាប់នៃសង្គ្រាម» ទៀតផង។

លោក Volker Turk បានស្តីបន្ទោសអ៊ីស្រាអែល ចំពោះចំនួនអ្នកស្លាប់កើនឡើង បន្តបន្ទាប់ នៅក្នុងទឹកដីនេះ ជាទីដែលអ៊ីស្រាអែលវាយប្រហារយ៉ាងសាហាវ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ដែលមិនធ្លាប់មានពីមុនមក បង្កឡើងដោយពួកសកម្មប្រយុទ្ធហាម៉ាស នៅក្នុងខែតុលា។

លោក Turk បាននិយាយបន្ថែមទៀតថា «ភាគច្រើននៃអ្នកស្លាប់ គឺជាស្ត្រី និងកុមារ។ ទំហំនៃការបំផ្លិចបំផ្លាញរបស់យោធាអ៊ីស្រាអែល ទៅលើផ្ទះ មន្ទីរពេទ្យ សាលារៀន និងកន្លែងគោរពបូជា គឺជាការតក់ស្លុតយ៉ាងខ្លាំង»។

លោកបាននិយាយថា ការិយាល័យរបស់លោកកំពុងចងក្រងឯកសារ «ការរំលោភយ៉ាងធ្ងន់ធ្ងរ» នៃច្បាប់មនុស្សធម៌អន្តរជាតិ ដោយទាំងយោធាអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន រួមទាំង ក្រុមហាម៉ាស ផងដែរ។ លោក បានរំលឹកឡើងវិញ នូវការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ដែលត្រូវបានឃុំខ្លួន នៅហ្គាហ្សា និងជនជាតិប៉ាឡេស្ទីន ដែលត្រូវបានចាប់ឃុំខ្លួន ដោយអ៊ីស្រាអែល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner