សម្តេចធិបតី ហ៊ុន ម៉ាណែត ហួសចិត្តចំពោះចេតនាដ៏អាក្រក់របស់ ហៃ វណ្ណា ដោយ​បុគ្គលនេះមិនខ្លាចក្នុងការវ៉ៃបំបែកឆ្នាំងបាយរបស់ពលរដ្ឋខ្មែររាប់លាននាក់នៅក្នុងប្រទេស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែង​ការហួសចិត្តជាខ្លាំងចំពោះការញុះញង់របស់លោក ហៃ វណ្ណា ជាមេដឹកនាំផ្នែក​យុវជនចលនាប្រឆាំងរបស់ជនក្បត់ជាតិ សម រង្ស៊ី កំពុងរស់នៅក្នុងប្រទេសជប៉ុន ដោយមិនខ្វល់ពីផលប៉ះពាល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេសារលើបណ្ដាញសង្គមតេលេក្រាមនៅ​ព្រឹកថ្ង​ទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយភ្ជាប់ជាមួយវីដេអូ អំពាវនាវឱ្យមានចលនា​ប៉ះបោរ​របស់ ហៃ វណ្ណា ដូច្នេះ៖ ខ្ញុំហួសចិត្តពេលបានស្ដាប់សាររបស់បុគ្គលឈ្មោះ ហៃ វណ្ណា (មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន) ព្រោះថាបុគ្គលនេះមិនខ្លាចយកឆ្នាំងបាយរបស់​ប្រជា​ពលរដ្ឋ​ខ្មែររាប់លាននាក់នៅក្នុងប្រទេសវ៉ៃបំបែកចោល ដើម្បីសម្រេចបាន​នូវ​មហិច្ឆតានយោបាយរបស់គេក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល។

ខ្ញុំកោតតែបុគ្គលនេះនិយាយទៅរួច ថាបើសេដ្ឋកិច្ចស្រុកខ្មែរដាំក្បាលចុះ នឹងមិនប៉ះពាល់​ប្រជាពលរដ្ឋខ្មែរទេ។ មិនតែប៉ុណ្ណោះបុគ្គលនេះខំប្រឹងអំពាវនាវឱ្យក្រុមគេនៅក្នុងប្រទេស រិះរកវិធីសាស្ត្រធ្វើយ៉ាងណាដុតឱ្យសេដ្ឋកិច្ចខ្មែរដាំក្បាលចុះ ដុតកាន់តែយូរកាន់តែល្អ។

ហៃ វណ្ណា និយាយនេះប្រហែលជាសំដៅទៅលើគ្រួសាររបស់ខ្លួននោះឯង ព្រោះថាទាំង​គាត់​ទាំងក្រុមគ្រួសារគាត់ បានកំពុងរស់នៅប្រទេសជប៉ុន ហេតុដូច្នេះបើសេដ្ឋកិច្ចខ្មែរ​ដាំ​ក្បាលចុះមែននោះ ប្រាកដជាមិនប៉ះពាល់គាត់នឹងក្រុមគ្រួសារទេ។ ប៉ុន្តែសួរថា ប៉ះពាល់​ជីវភាពរស់នៅរបស់ប្រជាជនខ្មែររាប់លាននាក់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាឬទេ?

សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ស្ដាប់សារនេះ ហើយពិចារណាចុះ ជាពិសេស អ្នកដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាយើង ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner