ពិព័រណ៍ពាណិជ្ជកម្មថៃ BCG ផលិតផលមិនប៉ះពាល់បរិស្ថាន និងជួយដល់ពិភពលោក ២២០ក្រុមហ៊ុន បង្ហាញខ្លួននៅកោះពេជ្រ រយៈពេល៤ថ្ងៃ

(ភ្នំពេញ)៖ ពិធីសម្ពោធបើកជាផ្លូវការ “ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024” ដើម្បីផ្តល់ជាវេទិកាសម្រាប់ពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងការតភ្ជាប់​ពាណិជ្ជ​កម្មរវាងកម្ពុជា-ថៃ ជាពិសេស ប្រជាជនកម្ពុជា នឹងមានឱកាសជ្រើស​រើសទិញ​ផលិត​ផល​​ថៃ ដែលមានគុណភាពល្អនិងតម្លៃសមរម្យ។

ឯកឧត្តម ឆឺតគៀត អាត់ថៈកន ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែង​ឱ្យ​ដឹងថា ស្ថានទូតថៃរបស់ខ្លួនទទួលបានសិទ្ធរៀបចំកម្មវិធី “ពិព័រណ៍​ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024” រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ទី១៨ សីហា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលពិព័រណ៌កោះពេជ្ររាជធានីភ្នំពេញ ដែលជាប្រភេទ​ពិរព័ណ​ដោយនាំយកប្រភេទទំនិញថៃ ម៉ាកល្បីៗ មកដាក់បង្ហាញ លក់និងរកតំណាងដៃសហការ​ចែកចាយនៅកម្ពុជា ។

គោលបំណងក្នុងការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024 នាលើកនេះគឺ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ថៃ ដែលជាផលិតផលមានគុណភាពល្អ តម្លៃសមរម្យ និងមិនប៉ះពាល់ដល់បរិស្ថានហើយដើម្បីជាការអរគុណដល់អតិថិជន​ដែល​ជាពលរដ្ឋកម្ពុជាគាំទ្រទំនិញថៃឲ្យមានឳកាសបានទិញទំនិញពីម្ចាស់រោងចក្រដោយផ្ទាល់ក្នុងតម្លៃសមរម្យ ព្រមទាំងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ អោយកាន់​កើន​ឡើង និងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសនិងប្រជាជនទាំងពីរឲ្យកាន់តែល្អ​ប្រសើរ​ថែមទៀត។

ជាមួយគ្នានោះ លោក នីរ៉ាវ៉ាត់ រង្សីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតនៃព្រះរាជណាចក្រថៃ នៅកម្ពុជា បានថ្លែងឱ្យថា រដ្ឋាភិបាលថៃបានដាក់ចេញនូវគោលនយោបាយជាតិជំរុញសេដ្ឋកិច្ចបៃតង (Bio- Circular Green Economy: BCG) ដើម្បីការពារបរិស្ថាន និងកាត់បន្ថយបញ្ហាកំដៅពិភពលោក ដោយជំរុញការផលិតនិងការនាំចេញនូវទំនិញ BCG ទៅក្រៅប្រទេស ជាពិសេសប្រទេសកម្ពុជាដែលជាទីផ្សារ យ៉ាងសំខាន់ ។ នៅក្នុងពិព័រណ៍នេះ មានរៀបចំកម្មវិធីចាប់ដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករថៃនិងពាណិជ្ជករកម្ពុជា (B2B) ដោយបានទទួលការគាំទ្រពីសភាពាណិជ្ជកម្មកម្ពុជា ។

ក្នុងឱកាសនោះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ពិពណ៌នេះ ជាឱកាសចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នា និងជាការផ្សព្វផ្សាយផលិតផល BCG របស់ប្រទេសថៃ (BCG មានន័យថា ជីវ-សេដ្ឋកិច្ច សេដ្ឋកិច្ចជារង្វង់ និងសេដ្ឋកិច្ចបៃតង) ដែលត្រូវបានរៀបចំឡើងជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា និងដើម្បីឲ្យប្រជាជនកម្ពុជា បានស្គាល់និងយល់ដឹងពីផលិតផល BCG របស់ប្រទេសថៃ ។ ផលិតផល BCG ពាក់ព័ន្ធនឹងការផលិតទំនិញ ពីធនធានជីវសាស្រ្តកកើតឡើងវិញ និងការបំប្លែងធនធានទាំងនេះ ទៅជាផលិតផលថ្មីមួយទៀត ហើយប្រែក្លាយទៅជាផលិតផល ដែលអាចប្រើប្រាស់ឡើងវិញ បាននិងការកែច្នៃវត្ថុធាតុដើម ដើម្បីបង្កើនតម្លៃនៃធនធាន ដែលមានស្រាប់ទាំងនេះ ជួយថែរក្សាបរិស្ថានបៃតង ។

សូមបញ្ជាក់ថា ៖ “ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024” មានក្រុមហ៊ុនចូលរួមទាំងអស់ចំនួន ២២០ ក្រុមហ៊ុន មានស្តង់សរុបចំនួន ២៥០ ស្តង់ ក្នុងនោះនឹងនាំយកទំនិញជាច្រើនប្រភេទមកដាក់បង្ហាញ និងលក់ដូចជា៖ ១. អាហារ និង ភេសជ្ជៈ២. សំលៀកបំពាក់ និង វាយនភ័ណ្ឌ៣. គ្រឿងសំអាង និងទំនិញសុខភាព សម្ផស្ស៤. សំភារៈប្រើប្រាស់ក្នុងផ្ទះ និង សំភារៈផ្ទះបាយ ៥. វត្ថុអនុស្សាវរីយ៍ និង តុបតែងផ្ទះ៦. សំភារៈធ្វើពីស្បែក និង ស្បែកជើង៧. សំភារៈអគ្គិសនី និង អេឡិចត្រូនិក ៨. សំភារះតុបតែងផ្ទះ និងគ្រឿងសង្ហារិម ៩. ទំនិញ OTOP របស់ប្រទេសថៃ ១០. ទំនិញផ្សេងៗ ជាច្រើនទៀត ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner