លោក ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ពិភាក្សាពីបទឈប់បាញ់នៅហ្គាហ្សា

វ៉ាស៊ីនតោន៖ មេដឹកនាំអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃពុធ បានសន្ទនាតាមទូរស័ព្ទផ្តោតសំខាន់លើបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង នេះបើយោងតាមសារព័ត៌មាន Axios ដកស្រង់ប្រភពចំនួនពីររបស់សហរដ្ឋអាមេរិក។

នៅក្នុងការសន្ទនាតាមទូរស័ព្ទ បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក Donald Trump បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទទួលយកកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង និងបទឈប់បាញ់នៅហ្គាហ្សា។

យ៉ាងណាមិញ សារព័ត៌មាន Axios បានរាយការណ៍ថា គេនៅមិនទាន់ដឹងថាតើការអំពាវនាវនេះពិតជាអ្វីដែលលោក Trump បានប្រាប់លោក Netanyahu នោះទេ។ ហើយយុទ្ធនាការរបស់លោក Trump ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែរ។

កាលពីចុងខែមុន លោក Netanyahu បានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងបានជួបជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden និងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ព្រមទាំងអតីតប្រធានាធិបតីអាមេរិក លោក Donald Trump។

លោក Biden បានដាក់ចេញនូវសំណើបទឈប់បាញ់បីដំណាក់កាល នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃទី៣១ ខែឧសភា។ ចាប់តាំងពីពេលនោះមក ទីក្រុងវ៉ាស៊ីនតោន និងក្រុមអ្នកសម្រុះសម្រួលក្នុងតំបន់ បានព្យាយាមរៀបចំកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែចំណាប់ខ្មាំងនៅហ្គាហ្សា ប៉ុន្តែបានជួបឧបសគ្គម្តងហើយម្តងទៀត។

សហរដ្ឋមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល បាននិយាយថា បទឈប់បាញ់នៅតំបន់ហ្គាហ្សា នឹងជួយកាត់បន្ថយការគំរាមកំហែងផ្ទុះសង្រ្គាមកាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ា បន្ទាប់ពីការសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh នាពេលថ្មីៗនេះក្នុងប្រទេសអ៊ីរ៉ង់ និងមេបញ្ជាការយោធា ក្រុម Hezbollah ក្នុងទីក្រុងបេរូត៕

ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner