Google ថា ពួក Hacker អ៊ីរ៉ង់ វាយប្រហារយុទ្ធនាការលោក Trump និងលោកស្រី Harris

សាន់ ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុន Google កាលពីថ្ងៃអង្គារ បានបញ្ជាក់ថា ពួក Hacker គាំទ្រដោយអ៊ីរ៉ង់ កំពុងកំណត់គោលដៅវាយលុកលើយុទ្ធនាការស្វែករកសម្លេងឆ្នោតរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris និង លោក Donald Trump។

ក្រុម Hacker ដែលគេស្គាល់ថា ជា “APT42” ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ បានបើកការវាយប្រហារផ្នែកព័ត៌មានវិទ្យាលើយុទ្ធនាការរបស់លោកស្រី Harris និង លោក Trump។

ក្រុម Hacker នេះ ក៏ត្រូវបានគេដឹងថា ជាអ្នកនៅពីក្រោយការវាយប្រហារបុគ្គល និងអង្គការដែលមានឋានៈខ្ពស់ក្នុងប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក រួមទាំងមន្ត្រីរដ្ឋាភិបាល និងយុទ្ធនាការនយោបាយ នេះបើយោងតាមរបាយការណ៍គំរាមកំហែង ដែលចេញផ្សាយដោយក្រុមហ៊ុន Google។

ក្រុមយុទ្ធនាការរបស់បេក្ខជនប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានរងការវាយប្រហារដោយពួក Hacker បរទេសប៉ុន្មានថ្ងៃបន្ទាប់ពីយុទ្ធនាការរបស់គូប្រជែង មកពីបក្សសាធារណរដ្ឋ គឺលោក Donald Trump បានលើកឡើងថា ខ្លួនក៏បានវាយប្រហារដោយអ៊ីរ៉ង់ផងដែរ។

មន្ត្រីយុទ្ធនាការរបស់លោកស្រី Harris បានប្រាប់ ការសែតបារាំង AFP ថា នៅក្នុងខែកក្កដា ក្រុមផ្នែកច្បាប់ និងសន្តិសុខនៃយុទ្ធនាការបានទទួលការជូនដំណឹងពីទីភ្នាក់ងារ FBI ថា យើងបានក្លាយជាគោលដៅវាយប្រហាររបស់ក្រុម Hacker បរទេស។ ប៉ុន្តែយើងមានវិធានការសន្តិសុខតាមអ៊ីនធឺណិតដ៏រឹងមាំ ហើយយើងមិនបានរងការបំពានលើសុវត្ថិភាពណាមួយនៃប្រព័ន្ធរបស់យើង ដែលបង្កឡើងដោយក្រុម Hacker នោះទេ។

ជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិកបានព្រមានអ៊ីរ៉ង់អំពីផលវិបាកជុំវិញការជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតរបស់សហរដ្ឋអាមេរិក។ បន្ថែមលើនេះ Google ក៏បានជំរុញឱ្យបុគ្គលដែលមានហានិភ័យខ្ពស់ ដែលមានជាប់ទាក់ទងនឹងការបោះឆ្នោតនាពេលខាងមុខ ឱ្យរក្សាការប្រុងប្រយ័ត្ន និងទទួលយកការការពារពីក្រុមហ៊ុនអ៊ីនធឺណិត៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner