រដ្ឋលេខាធិការបរិស្ថាន៖ មន្រ្តីឧទ្យានុរក្ស ជាអ្នកជួរមុខដើម្បីរក្សាបាននូវធនធានធម្មជាតិ
កែប៖ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្នុងឋានៈជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីទិវាបរិស្ថានពិភពលោកនៅឧទ្យានជាតិខេត្តកែបកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានថ្លែងថា មន្រ្តីឧទ្យានុរក្សជាកម្លាំងជួរមុខ និងជាអ្នកអនុវត្តទីវាលនៅតាមតំបន់ការពារធម្មជាតិ ក្នុងកិច្ចការពារ ការអភិរក្ស ការត្រួតពិនិត្យ ការគ្រប់គ្រងភ្លើងឆេះព្រៃ ការអនុវត្តច្បាប់ និងការផ្តល់សេវាកម្មដល់ភ្ញៀវទេសចរជាដើម។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបដែលមានវត្តមានក្នុងពិធីនេះដែរបានឱ្យដឹងថា ខេត្តកែបមានឧទ្យានជាតិមួយចំកណ្តាលក្រុង ដែលជួយលើកកម្ពស់សោភណភាពក្រុងទាំងមូលឱ្យរក្សាបាននូវភាពបៃតងគ្រប់រដូវកាល តាមរយៈការខិតខំការពារពីសំណាក់មន្រ្តីឧទ្យានុរក្ស ។ដោយសារមន្រ្តីឧទ្យានុរក្សធ្វើឧទ្យានជាតិមួយនេះរក្សាបាននូវធម្មជាតិដើមនិងបន្តជាទីចាប់អារម្មណ៍របស់សាធារណជនទូទៅ។ តាមរយៈការប្រារព្វទិវានេះឡើង និងជួយផ្សព្វផ្សាយដល់សាធារណៈជន និងសហគមន៍ កាន់តែយល់ច្បាស់ពី តួនាទី ភារកិច្ច និងការលះបង់របស់មន្ដ្រីឧទ្យានុរក្ស ក្នុងការបំពេញបេសកម្ម ដើម្បីការពារធនធានធម្មជាតិ ដែលជាកេរ្ដិ៍ដំណែងសម្រាប់មនុស្សគ្រប់ជំនាន់។

ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ការប្រារព្ធទិវាឧទ្យានុរក្សពិភពលោក ឆ្នាំ២០២៤ លើកទី១៧ ក្នុងគោលបំណងលើកទឹកចិត្ត និងជាការដឹងគុណដល់មន្ដ្រីឧទ្យានុរក្ស ក្នុងការខិតខំបំពេញបេសកកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការការពារ បរិស្ថាន និងធនធានធម្មជាតិ។ ឯកឧត្តមបន្តថាដោយសារកត្តាសន្តិភាព កម្ពុជាមានឱកាសបង្កើតតំបន់ការពារធម្មជាតិ តាមមុខងារនៃប្រព័ន្ធអេកូឡូស៊ីផ្សេងៗ រហូតដល់ចំនួន ៧៣តំបន់ មានផ្ទៃដីប្រមាណ ៧លានហិកតា (សរុប ៧.០៤៦.៨៦៣ ហិកតា) ស្មើនឹងជិត៤០ភាគរយនៃផ្ទៃប្រទេស។

បើយោងតាមក្រុមជំនាញ នៅទូទាំងពិភពលោក យ៉ាងហោចណាស់មន្ដ្រីឧទ្យានុរក្សចំនួន ១.០០០នាក់ត្រូវបានស្លាប់ពេលបំពេញកាតព្វកិច្ច ក្នុងរយៈពេល១០ឆ្នាំ កន្លងទៅនេះ ដោយសារកត្តាផ្សេងៗជាពិសេសក្នុងការប៉ះទង្គិចជាមួយឧក្រិដ្ឋជនជាដើម
៕




ដោយ៖ សិលា សារិន