កម្ពុជាបានក្លាយជាប្រទេសការិយាល័យថ្នាក់តំបន់ ហើយប្រទេសមួយចំនួនបានរៀនសូត្រពីកម្ពុជាទៅលើយុត្តិធម៌អន្តរកាល
(ភ្នំពេញ)៖កន្លងមកកម្ពុជាបានរៀនសូត្រពីគេ តែពេលនេះយើងបានក្លាយជាប្រទេសដែលមានធនធានមនុស្ស មានចំណេះដឹង មានបទពិសោធន៍សម្រាប់ចែករំលែកដល់ថ្នាក់តំបន់ និងអន្តរជាតិទៀតផង។នាពេលនេះដែរប្រទេសទីម័រខាងកើត និងហ្វីលីពីនមករៀនសូត្រពីកម្ពុជាទោលើយុត្តិធម៌អន្តរកាល។

នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ថោង សុជាតិ រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាមន្ត្រីគ្រប់គ្រងជាន់ខ្ពស់នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ នៃប្រទេសកម្ពុជា (អ.វ.ត.ក)។

បញ្ជាក់ប្រាប់ទូរទស្សន៍អប្សរាក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ «យុត្តិធម៌អន្តរកាល”ការស្វែងយល់ពីឥទ្ធិពលនៃគោលជំនឿ លើការផ្សះផ្សារ និងការចងចាំ» ដែលត្រូវបានរៀបចំឡើងនៅសាលពហុបំណង ក្នុងបរិវេណអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ឯកឧត្តម ថោង សុជាតិ បានឱ្យដឹងថា កម្មវិធីនេះបានសហការចំនួន៣ប្រទេសគឺ កម្ពុជា ទីម័រខាងកើត និងហ្វីលីពីន។

សម្រាប់កម្មវិធីនេះដែរគឺបានយកកម្ពុជាជាការិយាល័យថ្នាក់តំបន់ព្រោះដោយសារផ្អែកតាមសមិទ្ធផលដែលសម្រេចបាននៅក្នុងដំណើរការកាត់សេចក្តីរយៈពេល១៦ឆ្នាំ បានធ្វើឱ្យកម្ពុជាគឺជាប្រទេសមួយដំបូងគេក្នុងការកសាងសន្តិភាព ក៏ដូចជាការបង្រួបបង្រួមជាតិនិងពិសេសការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះតាមរយៈក្នុងដំណើរការកាត់សេចក្តីនៃសាលាក្តីខ្មែរក្រហមកន្លងមក។
ឯកឧត្តម ថោង សុជាតិ បានថ្លែងដែរថា៖កន្លងមកការដំណើរកាត់ក្តី”យុត្តិធម៌អន្តរកាល”នេះគឺច្រើនធ្វើឡើងតែទៅលើប្រទេសដែលកាន់សាសនាគ្រិស្ត និងមូស្លីម ហើយសម្រាប់ព្រះពុទ្ធសាសនាវិញឃើញថាជាលើកដំបូងដែលកើតឡើងនៅកម្ពុជា។ក្នុងនេះភាគីនីមួយៗបានពន្យល់ពីជំនឿលើសាសនាព្រះពុទ្ធដូចម្តេច? ជំនឿលើសាសនាគ្រិស្តដូចម្តេច និងសាសនាមូស្លីមដូចម្តេចជាដើម។

ទាក់ទិនក្នុងរឿងនេះព្រះភិក្ខុ គូ សុភាព អ្នកជំនាញផ្នែកការនិយាយជាសាធារណៈដ៏ល្បីល្បាញមួយរូប ក្នុងសង្គមកម្ពុជា បានមានសង្ឃដីកាក្នុងឱកាសនិមន្តជាវាគ្មិនក្នុងពិធីនេះថា «យើងត្រូវការយុវជន ដើម្បីរៀនសូត្រពីអតីតកាល ព្រោះការចងចាំខ្លីណាស់។ យើងមិនចង់ឲ្យមានការប្រយុទ្ធគ្នា (សង្គ្រាមស៊ីវិល) កើតឡើងម្ដងទៀតទេ បើមិនអញ្ចទេ យើងនឹងរងទុក្ខដោយសារការប្រល័យពូជសាសន៍ម្ដងទៀត»។
ព្រះអង្គ គូ សុភាព ក៏បានសម្តែងការសោកស្ដាយដែលសម័យ ប៉ុល ពត បានកើតឡើងនៅកម្ពុជា ហើយព្រះអង្គ បានលើកទឹកចិត្តដល់ អ.វ.ត.ក ព្យាយាមធ្វើឲ្យយុវជនយកចិត្តទុកដាក់សិក្សាពីបញ្ហានេះ។ពលរដ្ឋកម្ពុជាគ្រប់រូបមិនចង់ឃើញរឿង របប ប៉ុល ពត កើតឡើងម្តងទៀតទេ ហើយក៏មិនចង់ឲ្យប្រវត្តិសាស្ត្របែបនេះ កើតម្តងទៀតដែរ។

ព្រះអង្គ គូ សុភាព ក៏បានមានសង្ឃដីកាផងដែរថា អំពើប្រល័យពូជសាសន៍ បានកើតឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងសម័យខ្មែរក្រហម។ ដូច្នេះបើយើងមិនការពារ ឬរៀនពីអតីតកាល វានឹងកើតឡើងម្ដងទៀតក្នុងរយៈពេល ៥០ ឬ ១០០ ឆ្នាំទៀត។
គួរបញ្ជាក់ថាកម្មវិធីនេះមានការចូលរួមពីភាគីជាច្រើនផងដែររួមមានដូចជា ប្រទេសកម្ពុជា និងពីប្រទេសទីម័រខាងកើត និងហ្វីលីពីនផងដែរ។ មួយចំនួនទៀតមកពីប្រទេសអាល្លឺម៉ង់៕
អត្ថបទ៖ម៉ាដេប៉ូ ,រូបភាព៖ សួង ពិសិដ្ឋ
