ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យសេវាថែទាំ ពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុ
(ខេត្តព្រះសីហនុ)៖ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូជាន់ខ្ពស់ ព្រមទាំក្រុមការងារជំនាញបច្ចេកទេសសុខាភិបាល បានអញ្ជើញចុះពិនិត្យសេវាថែទាំ ពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យខេត្តព្រះសីហនុ ដែលមានបម្រើសេវាសុខភាព ពិគ្រោះជំងឺក្រៅ វះកាត់ សម្ភព និងរោគស្ត្រី ជំងឺកុមារ ជំងឺទូទៅ និងជំងឺផ្សេងៗទៀត ជូនដល់ប្រជាជនរស់នៅក្នុងតំបន់។

ពាក់ព័ន្ធការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងសេចក្តីរីករាយចំពោះទំនុកចិត្តបងប្អូនអ្នកជំងឺនិងក្រុមគ្រួសារ ដែលអញ្ជើញមកទទួលសេវាសុខាភិបាលច្រើនកុះករ ដោយមានការជឿជាក់លើការបម្រើសេវាព្យាបាលប្រកបដោយប្រសិទ្ធភាព ។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្រ្តីសុខាភិបាលទាំងអស់ បន្តសាមគ្គីភាព ការយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀតលើសមត្ថភាពថែទាំព្យាបាល ក៏ដូចជាការរក្សាទុកដាក់ឯកសារឱ្យបានត្រឹមត្រូវ ថែទាំសម្ភារៈបរិក្ខារពេទ្យ និងត្រូវបង្កើនការបណ្តុះបណ្តាលអំពីសមត្ថភាពបច្ចេកទេស ព្យាបាល បន្តពង្រីកសេវា និងដោយប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ៕
ដោយ ហេង សម្បត្តិ



