វ៉ាក់សាំងជំងឺអុតស្វា ត្រៀមផលិត១០លានដូស ក្រោយប្រកាសអាសន្ន

ភ្លាមៗ បន្ទាប់ពីអង្គការសុខភាពពិភពលោកបានប្រកាសពីការកើនឡើងខ្លាំងនៃជំងឺអុតស្វា ឬ Mpox នៅក្នុងទ្វីបអាហ្រ្វិក និងចាត់ទុកជាគ្រាអាសន្នសុខភាពសាធារណៈសកល ក្រុមហ៊ុនដាណឺម៉ាក Bavarian Nordic បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានត្រៀមរួចរាល់ ក្នុងការផលិតវ៉ាក់សាំង Mpox រហូតដល់ ១០លានដូស នៅឆ្នាំ២០២៥។

កាលពីថ្ងៃអង្គារ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺនៃទ្វីបអាហ្រ្វិក បានប្រកាសថា ចាប់តាំងពីខែមករាឆ្នាំ២០២២ នៅតំបន់អាហ្វ្រិក មានករណីជំងឺអុតស្វា សរុបជាង ៣៨០០០ករណី នៅក្នុង១៦ប្រទេស ក្នុងនោះ មានអ្នកស្លាប់ ចំនួន១៤៥៦នាក់។ ប្រភពបានបន្ថែមទៀតថា ករណីជំងឺអុតស្វា មានការកើនឡើង ១៦០ភាគរយ នៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ក្រុមហ៊ុន Bavarian Nordic ជាអ្នកផ្គត់ផ្គង់ចម្បង នូវវ៉ាក់សាំង Mpox ឈ្មោះថា Jynneos នៅសហរដ្ឋអាមេរិក និង ឈ្មោះ Imvanex ក្នុងសហភាពអឺរ៉ុប ដល់រដ្ឋាភិបាល និងអង្គការអន្តរជាតិ ប៉ុន្តែ បានចាប់ផ្តើមដាក់លក់ នៅលើទីផ្សារសហរដ្ឋអាមេរិក កាលពីខែមេសា។

អនុប្រធានក្រុមហ៊ុន លោក Rolf Sass Sorensen បានប្រាប់ AFP ថា «យើងមានសមត្ថភាពផលិតបន្ថែម ចំនួនពីរលានដូស សម្រាប់ឆ្នាំ២០២៤ និង កើនសរុបរហូតដល់ ១០លានដូស នៅឆ្នាំ២០២៥»។ ប្រភពបន្តថា ក្រុមហ៊ុនកំពុងរង់ចាំការបញ្ជាទិញពីប្រទេសដែលពាក់ព័ន្ធ មុនពេលចាប់ផ្តើមការផលិត។

គួរបញ្ជាក់ថា ជំងឺ Mpox ភាគច្រើនឆ្លង តាមរយៈការប្រាស្រ័យទំនាក់ទំនងជិតស្និទ្ធ រួមទាំង តាមរយៈការរួមភេទ ផងដែរ។ រោគសញ្ញា មានដូចជា ដំបៅលើទ្រូង ដៃ និងជើង ឬ ប្រដាប់ភេទ ជាដើម៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner