ឯកឧត្តម ហ៊ុន ម៉ានី ចែករំលែកបទពិសោធ និងទស្សនកិច្ចសាលាបឋមសិក្សាជ័យលាភីលេខ១ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូ
(ស្វាយរៀង)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញបើកសិក្ខាសាលា ស្តីពីការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ឆ្នាំ២០២៣ សម្រាប់កម្រិតសាលាបឋមសិក្សា នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ។

សិក្ខាសាលានេះ មានការចូលរួមពីតំណាងសាលាបឋមសិក្សា មកពីទូទាំងប្រទេស និងមន្ទីរមុខងាសាធារណៈ ព្រមទាំងសិក្ខាកាមផ្សេងទៀតចំនួន ៧៤១នាក់ ដើម្បីចែករំលែកបទពិសោធ ពីអង្គភាពជ័យលាភី ក្នុងការផ្តល់សេវាសាធារណៈគំរូ និងទទួលព័ត៌មាននានា ឆ្ពោះទៅកាន់ការប្រកួតប្រជែងនាឆ្នាំបន្ទាប់ ។

នាព្រឹកថ្ងៃដដែល ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញ ទស្សនកិច្ចសាលាបឋមសិក្សាស្វាយជ្រុំ ដែលជាម្ចាស់ជ័យលាភីលេខ១ ស្ទួន និងជួបផ្ទាល់ជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស ព្រមទាំងប្រជាពលរដ្ឋ ក្នុងសហគមន៍ ដែលគាំទ្រ សាលាបឋមសិក្សាស្វាយជ្រុំផងដែរ ។

ក្រោយពីបានទស្សនកិច្ចសាលាបឋមសិក្សាស្វាយជ្រុំរួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានបន្តមកជួបសំណេះសំណាល ជាមួយមន្រ្តីរាជការ នៃមន្ទីរមុខងារសាធារណៈ ខេត្តស្វាយរៀង ដើម្បីជួបផ្ទាល់ ស្តាប់ផ្ទាល់ និងដោះស្រាយបញ្ហាប្រឈមនានាដោយផ្ទាល់ ជាមួយមន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈ ៕
ដោយ វណ្ណលុក


