ប៉ាគីស្ថាន Free Visa ម្តង១២៦ប្រទេស ផ្តោតសំខាន់លើប្រទេសឈូងសមុទ្រ

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Arab News បានចេញផ្សាយថា ប្រទេសប៉ាគីស្ថាន នាពេលថ្មីនេះ បានដាក់គោលនយោបាយថ្មី ជាប្រវត្ថិសាស្ត្រ ស្តីពីការលើកលែង ថ្លៃសេវាទិដ្ឋាការ ឬ Free Visa ម្តង ១២៦ប្រទេស មិនធ្លាប់ ក្នុងនោះ ផ្តោតសំខាន់ លើទេសចរ និងអ្នកវិនិយោគ មកពីបណ្តាប្រទេសឈូងសមុទ្រ ដែលរួមមាន បារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ជាដើម។

ការសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់ របស់ ប៉ាគីស្ថាន ក្នុងការបង្កើតទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ ជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ ដើម្បីធ្វើឱ្យមានស្ថិរភាពសេដ្ឋកិច្ចផុយស្រួយ។

ផ្អែកតាមប្រភពដដែល រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Ataullah Tarar បាននិយាយថា នយោបាយថ្មីនេះ បានចូលជាធរមាន កាលពីពាក់កណ្តាលអធ្រាត្រ ថ្ងៃទី១៤ ខែសីហា។ លោក Tarar បន្ថែមថា ពលរដ្ឋទាំង១២៦ប្រទេស គ្រាន់តែបំពេញទម្រង់បែបបទមួយទំព័រ ដែលមាន ៣០សំណួរ ក្នុងរយៈពេលដប់នាទី ហើយអាចមានសុពលភាព រហូតដល់៣ខែ ឬ អាចពន្យាពេលយូរជាងនេះ។ លោក Tarar បានសង្ឃឹមថា ការណ៍នេះ នឹងលើកកំពស់លទ្ធភាពទទួលបានជាសាកល ទៅកាន់សម្រស់ធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ របស់ប្រទេសប៉ាគីស្ថាន ដោយបានអញ្ជើញពិភពលោក មកទទួលយកបទពិសោធន៍ធនធាន របស់ប្រទេសមួយនេះ។

ក្នុងចំណោម ១២៦ប្រទេស Free Visa នេះ ក៏មានសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ផងដែរ រួមមាន កម្ពុជា ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងហ្វីលីពីន ជាដើម នេះបើតាមកាសែតថៃ Bangkok Post។

យ៉ាងណាមិញ ប៉ាគីស្ថានកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ដ៏អូសបន្លាយ ដែលបានបង្ខំឱ្យខ្លួន ស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុ ពីប្រទេសជាមិត្ត និងអ្នកផ្តល់ប្រាក់កម្ចីសកល តាមរយៈការដាក់ចេញនូវគោលនយោបាយ បង្កភាពងាយស្រួលដល់ការធ្វើអាជីវកម្ម និង អ្នកវិនិយោគបរទេស។ អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីខែមុន នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានចង្អុលបង្ហាញថា គោលនយោបាយទិដ្ឋាការថ្មី នឹងនាំឱ្យខាតបង់ ប្រមាណពី ២ ឬ ៣ លានដុល្លារ ប៉ុន្តែ វានឹងមានសារសំខាន់ ក្នុងការជំរុញការវិនិយោគ នៅក្នុងប្រទេស នេះបើតាម Arab News ដដែល៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner