អភិបាលរងខេត្តកំពង់ឆ្នាំង និងក្រុមការងារចុះផ្សព្វផ្សាយខ្លឹមសារ ស្ដីពីសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម
កំពង់ឆ្នាំង៖លោក សាន់ យូ អភិបាលរងខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងក្រុមការងារថ្នាក់ខេត្ត,លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង កាលពីថ្ងៃទី១៥ ខែសីហា បានធ្វើការផ្សព្វផ្សាយនូវខ្លឹមសារស្ដីពីសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹង ច្បាស់លាស់កុំឱ្យចាញ់ការញុះញង់ពីជនខិលខូច។
លោកអភិបាលរងខេត្តបានលើកឡើងថាក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា CLVត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ នៅក្នុងកិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ និងវៀតណាម បានចុះហត្ថលេខាលើ សេចក្តីប្រកាសនៅទីក្រុងវៀងចន្ទន៍ ស្តីពីការបង្កើតសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវនិងវៀតណាម (CLV-DTA) ក្នុងគោលបំណងធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនសន្តិភាព. មិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។
គិតមកដល់ឆ្នាំ២០២៤ កិច្ចប្រជុំក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន ១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាងប្រទេសទាំងបី ហើយនៅឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។ លោកបន្តថា ប្រទេសទាំងបីបានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងគ្មានការគំរាមកំហែង ផ្នែកសន្តិសុខដូចជា ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ សន្តិសុខសាធារណៈ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។
ក្នុងឱកាសនេះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងបានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV ) កម្ពុជា-ឡាវ-វៀតណាម។ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ប្រឆាំងក្រុមជ្រុលនិយមមួយក្ដាប់តូច
ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលនិងប្តេជ្ញាការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ៕
ដោយ៖សុខ គឹមសៀន