រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ គ្រូពេទ្យ គិលានុបដ្ឋាក-យិកា និងឆ្មប ត្រូវចូលរួមថែទាំអ្នកជំងឺ ប្រកបដោយសមត្ថភាពខ្ពស់ និងជឿទុកចិត្តបាន
(ខេត្តព្រះសីហនុ)៖ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល បានជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តមសាស្ត្រាចារ្យ បានកត់សំគាល់ និងវាយតម្លៃវិជ្ជមានបំផុតលើ ឆន្ទៈរៀនសូត្រដោយភាពរីករាយ របស់មន្ត្រីសុខាភិបាលខេត្តព្រះសីហនុ ចំពោះវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំ និងនាវានុវត្តន៍” ដែលឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ដឹកនាំបណ្តុះបណ្តាលដោយផ្ទាល់តាំងតែពីដំបូង រហូតពេលបច្ចុប្បន្ន។

ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ក៍បានវាយតម្លៃខ្ពស់ និងលើកសសើរលើឥរិយាបទល្អ ប្រកបដោយវិជ្ជមានភាពរបស់បុគ្គលិសុខាភិបាលភាគច្រើនលើសលុប តាមរយៈកាយវិការនៃភាពរួសរាយរាក់ទាក់ ជំហររួបរួមសាមគ្គីគ្នាក្នុងពេលបំពេញការងារ ពិសេសការខិតខំបង្ហាញជាគំរូពីថ្នាក់ដឹកនាំក្នុងនាទីទទួលខុសត្រូវរបស់ខ្លួន។

ជាចុងក្រោយមតិផ្តាំផ្ញើររបស់ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ដល់គ្រប់អ្នកដឹកនាំសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ ផ្តោតលើ ប្រាំទិដ្ឋភាពនៃភាពជាអ្នកដឹកនាំ រួមគ្នា៖
១- ដឹកនាំ ត្រូវចេញពីការស្រលាញ់ដោយពិតប្រាកដ ដោយបេះដូង
២- ដឹកនាំ ត្រូវឈរលើគំនិតប្រាជ្ញា បែបគតិបណ្ឌិត (គិតល្អ គិតត្រូវ សំដៅប្រយោជន៍រួមទាំងអស់គ្នា)
៣- ដឹកនាំ គឺត្រូវការធ្វើដោយផ្ទាល់ បង្ហាញដោយផ្ទាល់ ធ្វើជាគំរូ
៤-ដឹកនាំ គឺសំដៅលើកិច្ចការដែលត្រូវធ្វើអោយបានល្អបំផុត រហូតធ្វើបានបានជាទម្លាប់ និងបង្កើតជាប្រពៃណីល្អយូរអង្វែង
៥- ដឹកនាំ ត្រូវមានសុខភាពបរិបូរណ៍ ផ្តើមពីខ្លួនម្នាក់ៗ។

បន្ថែមពីលើនេះ គឺត្រូវស្រលាញ់ និងបន្តការរៀនសូត្រ ការបណ្តុះបណ្តាលបន្ត បង្កើនសមត្ថភាពខ្លួនជាគ្រូពេទ្យ ជាគិលានុបដ្ឋាក-យិកា ជាឆ្មប ជាអ្នកចូលខ្លួនចូលរួមថែទាំអ្នកជំងឺ ប្រកបដោយសមត្ថភាពខ្ពស់ជឿទុកចិត្តបាន ប្រកបដោយគុណធម៌ ផ្តល់គំរូដល់សហភាតរដទៃគ្រប់មូលដ្ឋានសុខាភិបាល ដើម្បីជាប្រយោជន៍រួមធានាការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ៕
ដោយ ៖ ហេង សម្បត្តិ
