វិទ្យាស្ថានស្តង់ដារកម្ពុជាបើកវគ្គបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗចំនួនពីរ

សៀមរាប៖វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤​បានបើកវគ្គ​បណ្តុះបណ្តាលស្តីពី “របាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម (TBT) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)” និង “ការធ្វើអធិការកិច្ច និងផ្ទៀងផ្ទាត់លទ្ធផលនៃការវាយតម្លៃភាពអនុលោមរបស់ផលិតផល ” ។

ក្នុងពិធីដែលប្រព្រឹត្តទៅនៅសណ្ឋាគារស៊ីនតា ម៉ានី( Shinta Mani) ខេត្តសៀមរាប លោក នូវ ថារ៉ា អគ្គនាយករង វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជាបានប្រាប់សិក្ខាកាមថា វគ្គមានគោលបំណងដើម្បីពង្រឹង​នូវចំណេះដឹង ដល់មន្ត្រីតំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធ និងវិស័យ​ឯកជននៅក្នុងខេត្តសៀមរាបឱ្យយល់កាន់តែច្បាស់អំពីរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម (TBT) និងការធ្វើ អធិការកិច្ច ដែលជាផ្នែក​ដ៏សំខាន់មួយក្នុងការជំរុញឱ្យផលិតករទាំងអស់ចូលរួមអនុវត្តស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងការវាយតម្លៃ​ភាព​អនុលោម ដើម្បីផ្តល់​ទំនុកចិត្តដល់អ្នកប្រើប្រាស់ទាំងគុណភាព សុវត្ថិភាព និងឈានទៅ​ធ្វើការប្រកួត ប្រជែងលើទីផ្សារក្នុង និងក្រៅប្រទេស ជាពិសេស​ជួយដល់ផលិតផលរបស់កម្ពុជា អាចនាំផលិតផលចេញដោយមិនជាប់ របាំងបច្ចេកទេស​ចំពោះ​ពាណិជ្ជកម្ម។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមយ៉ាងសកម្មជា​មួយប្រទេសជាសមាជិកអាស៊ានក្នុងការចរចាបង្កើតកិច្ចព្រមព្រៀង យ៉ាងច្រើនជាមួយប្រទេសជាដៃគូក្នុងតំបន់ និងអន្តរជាតិ មានដូចជា១. កិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)២. កិច្ចព្រមព្រៀងអាស៊ានជាមួយដៃគូប្រទេសផ្សេងទៀត៣. កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។លោកបន្ថែមថា ចំពោះការ​ត្រៀមលក្ខណៈសម្បត្តិក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានដើរតួយ៉ាងសំខាន់ជា មជ្ឈមណ្ឌល​ទំនាក់ទំនង-ផ្តល់ព័ត៌មាន ផ្នែករបាំងបច្ចេកទេស​ចំពោះពាណិជ្ជ​កម្មរបស់កម្ពុជា អង្គភាពស្តង់ដារជាតិ (National Standard body) និងអង្គភាពវិញ្ញាបនបត្រជាតិ (National Certification Body) ដែលជាភារត្រៀមលក្ខណៈគ្រប់គ្រាន់ ក្នុងការផ្តល់សេវាកម្មបញ្ជាក់គុណភាពផ្នែកទំនិញ និងប្រព័ន្ធ ដើម្បីធានាថាការនាំចេញរបស់ផលិតផលកម្ពុជាមិនជាប់របាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម។ ចំពោះវិស័យឯកជន និងអ្នកនាំចេញ ក៏ត្រូវតែត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលយក និងអនុវត្តកិច្ចព្រម​ព្រៀងសេរី ដើម្បីធានាថាផលិតផលមានគុណភាព សុវត្ថិភាព អាចប្រកួតប្រជែងជាមួយផលិតផលបរទេសបាន ទាំងទីផ្សារក្នុងស្រុក ថ្នាក់តំបន់ និងអន្តរជាតិ។
សូមជម្រាបថា វគ្គនេះសិក្ខាកាមអញ្ជើញមកពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងវិស័យឯកជន នៅក្នុងខេត្តសៀមរាប បានចូលរួមចំនួន៦០នាក់៕

ដោយ៖ ប៊ុន រដ្ឋា

ads banner