កត្តាសុខសន្តិភាព អនុញ្ញាតឱ្យយុវជនកម្ពុជា មានឱកាសប្រឡងយកអាហារូបករណ៍ ទៅបន្តការសិក្សានៅបរទេស
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានគូសបញ្ជា់ថា កត្តាសុខសន្តិភាព អនុញ្ញាតឱ្យយុវជនកម្ពុជា មានឱកាស ប្រឡងយកអាហារូបករណ៍ទៅបន្តការសិក្សានៅបរទេស ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត បានបញ្ជាក់ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធីបតីភាព ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ទាល់សម្រាប់ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ៧៤ រូប នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា កត្តាសុខសន្តិភាព ដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន បានអនុញ្ញាតឱ្យសិស្ស និស្សិត យុវជនកម្ពុជា មានឱកាសប្រឡងយកអាហារូបករណ៍ ទៅសិក្សានៅបរទេស ដើម្បីទទួលបានការអប់រំបន្ថែម ព្រមទាំងឱកាសសិក្សារៀនសូត្រទាំងជំនាញ ភាសា និងបច្ចេកវិទ្យាថ្មីៗ ដើម្បីក្លាយជាមូលធនមនុស្សរបស់កម្ពុជា នាពេលអនាគត។

ទន្ទឹមនឹងនេះ, លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា និស្សិតម្នាក់ៗ គឺជាអ្នកការទូតរបស់កម្ពុជាមួយរូប ក្នុងការផ្សព្វផ្សាយពីការអភិវឌ្ឍ សុខសន្តិភាព ទេសចរណ៍ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ អត្តសញ្ញាណជាតិកម្ពុជា ទៅដល់បណ្តាប្រទេសដទៃ ឱ្យបានស្គាល់កាន់តែច្បាស់ និងរក្សាបាននូវកិត្យានុភាពរបស់កម្ពុជា ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ៕
ដោយ ៖ វណ្ណលុក







