រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញសួរសុខទុក្ខមន្ត្រីសុខាភិបាល និងអ្នកជំងឺ នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដោយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤បានអញ្ជើញសកម្មភាពផ្តល់សេវាសុខាភិបាលសាធារណៈនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។
នៅចំពោះមុខវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យជាថ្នាក់ដឹកនាំមន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព នៅទូទាំងខេត្តកំពង់ស្ពឺ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណ និងកោតសរសើរ ដល់មន្រ្តីសុខាភិបាលនិងអាជ្ញាធរមូលដ្ឋានដែលប្រឹងប្រែងរួមគ្នាក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តកំពង់ស្ពឺ បាន ២៤ម៉ោង លើ២៤ម៉ោង ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំងអស់ បន្តការសិក្សារៀនសូត្របន្ថែម ដោយផ្តោតលើមុខជំនាញដែលនៅពុំទាន់មាន ឬនៅមិនទាន់មុតស្រួច ដើម្បីបម្រើសេវាថែទាំព្យាបាលឱ្យកាន់តែមានគុណភាព សុវត្ថិភាព សក្តិសិទ្ធភាព និងសមធម៌ ជាពិសេសប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជូនប្រជាពលរដ្ឋ៕
ដោយ៖ ម៉ុន សំអាត