គួរឱ្យសោកស្តាយ សត្វផ្សោតជំទង់ ១ក្បាល បានស្លាប់នៅក្បែរអន្លង់កាំពី នៃខេត្តក្រចេះ

(ភ្នំពេញ)ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការសោកស្តាយបន្ទាប់ពី សត្វផ្សោតជំទង់១ក្បាល បានស្លាប់ត្រង់ចំណុចក្បាលកោះព្រហ្មចារី ក្បែរអន្លង់កាំពី ក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយជាប់នឹងមងនេសាទក្រឡា១៥សង់ទីម៉ែត្រ។

យោងតាមប្រភពពីក្រសួកសិកម្មបានឱ្យដឹងថាសត្វផ្សោតដែលស្លាប់នេះ មានលេខ​កូដសម្គាល់១៣៩ ភេទញី ប្រវែង២,១០ម៉ែត្រ ទម្ងន់១០៨គីឡូក្រាម អាយុប្រមាណ​ពី៨ទៅ១០ឆ្នាំ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកការស្លាប់​របស់​សត្វផ្សោតជំទង់នេះ ជាការបាត់បង់រតនសម្បត្តិធម្មជាតិដ៏មាន​តម្លៃរបស់កម្ពុជា​និងពិភពលោក។

ជាមួយការបាត់បង់សត្វផ្សោតដ៏មានតម្លៃនេះ ក្រសួងកសិកម្មបានអំពាវនាវដល់បងប្អូន​ប្រជានេសាទ ត្រូវបញ្ឈប់ការប្រើឧបករណ៍នេសាទមងក្នុងតំបន់ផ្សោតរស់នៅ​និង​ឧបករណ៍ឆក់ជាបន្ទាន់ និងសូមផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលឃើញ​មានអ្នក​ប្រើឧបករណ៍ឆក់ត្រីនិងមងក្នុងតំបន់ផ្សោតរស់នៅ តាមរយៈលេខទូរស័ព្ទ៖ ០៩៧ ៦៦៦ ៤៩៩៩ / ០១១ ៣៥៥ ៨៨៣ / ០៨៨ ៨៣៥៥ ៨៨៣ /០១២ ៨៩៧ ៩៤៣។

គួរបញ្ចាក់ថា៖ អន្លង់ផ្សោតកាំពី ជារមណីយដ្ឋានធម្មជាតិស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុក ចិត្របុរី ខេត្តក្រចេះ។ អន្លង់ផ្សោតកាំពីជាអន្លង់មួយធំជាង គេក្នុងចំណោម អន្លង់ ទាំង ៥កន្លែងនៅក្នុងខេត្តក្រចេះ ដែលនៅទីនោះមានផ្សោតប្រមាណជាង ៣៥-៤០ក្បាល ។រមណីយដ្ឋានអន្លង់ផ្សោតកាំពីត្រូវបានបង្កើតឡើងនៅចុង ឆ្នាំ១៩៩៩៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner