ហេតុផលពីរ! មេដឹកនាំជប៉ុនមិនចង់បន្តកាន់អំណាច

តូក្យូ៖ លោក នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ដែលទើបបានប្រកាសពីការមិនបន្តឈរឈ្មោះ ធ្វើជាបេក្ខភាពប្រជែងតំណែង ជាប្រធានគណបក្សកាន់អំណាច និង អាចឈានដល់ការសម្រេចចិត្ត ចុះចេញពីតំណែង ជានាយករដ្ឋមន្ត្រី មុនអាណ្តត្តិ ទៀតនោះ បានប្រាប់ពីហេតុផល ពីរ សំខាន់ៗ ដែលនាំឲ្យលោកមិនបន្តក្តោបក្តាប់មុខតំណែងកំពូល ទាំងនេះ។

អំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ លោក Kishida បានប្រាប់ថា ហេតុផលមួយ គឺ លោកចង់បើកផ្លូវ ឲ្យមាននាយករដ្ឋមន្ត្រីថ្មី ដើម្បីមុខមាត់ថ្មីរបស់គណបក្ស និង បង្ហាញច្បាស់ថា អ្វីៗ ត្រូវមានការផ្លាស់ប្តូរ ដើម្បីប្រជាប្រិយភាព គណបក្សឡើងវិញ ក្រោយពេលបាត់បង់ទំនុកចិត្ត។ លោកបញ្ជាក់ថា ការទទួលបានទំនុកចិត្ត ពីសាធារណៈជន ក្នុងនយោបាយ គឺជារឿងសំខាន់។

សម្រាប់ហេតុផលមួយទៀត គឺ លោកជឿជាក់ លើសមត្ថភាពអ្នកថ្មី ដែលនឹងមកជំនួសរូបលោក។ លោកថា «នៅពេលដែលមេដឹកនាំថ្មី បង្ហាញខ្លួន ខ្ញុំសង្ឃឹមថា យើងនឹងឃើញមនុស្សគ្រប់គ្នា រួបរួមគ្នា និងបង្កើតសុបិនមួយ ដើម្បីសម្រេចបាននូវនយោបាយសំខាន់ៗ ដើម្បីដោះស្រាយស្ថានការណ៍លំបាក ទាំងក្នុង និងក្រៅប្រទេស។ លោកអំពាវនាវដល់សមាជិកសភា និងអ្នកដឹកនាំថ្មី មានការជជែកពិភាក្សា ឲ្យបានស៊ីជម្រៅ ទៅថ្ងៃអនាគត។

គួររម្លឹកថា ចាប់តាំងពីមានរឿងអាស្រូវពុករលួយបានផ្ទុះឡើង លោក Kishida បានដកតំណែង រដ្ឋមន្ត្រីខុទ្ទកាល័យ មួយចំនួន និងអ្នកផ្សេងទៀត រួមមានទាំង សមាជិកសភា និងជំនួយការរបស់ពួកគេ ដែលត្រូវបានចោទប្រកាន់ កាលពីខែមករា។ ទោះបីជាមានការខិតខំប្រឹងប្រែងស្តា ពីលោក Kishida ក៏ដោយ ក៏ការគាំទ្រសម្រាប់រដ្ឋាភិបាល បានធ្លាក់ចុះ បង្ហាញច្បាស់តាមរយៈ ការចាញ់ការបោះឆ្នោតអសកល ជាដើម។

រឿងអាស្រូវ ក៏មានពាក់ព័ន្ធនឹងសមាជិកសភារបស់បក្សកាន់អំណាច LDP ជុំវិញការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី Shinzo Abe ។ ការធ្វើឃាតនេះ បានលេចចេញនូវរឿងអាស្រូវ ជុំវិញទំនាក់ទំនង ដ៏ស៊ីជម្រៅរបស់បក្ស LDP ជាមួយនឹងសាសនាមួយ ដែលរូបលោក Kishida ក៏ប្រឈមនឹងការរិះគន់ខ្លាំង ផងដែរ។

គួរបញ្ជាក់ថា លោក Kishida បានធ្វើជាប្រធានគណបក្សប្រជាធិបតេយ្យសេរី ហៅកាត់ LDP និងធ្វើជានាយករដ្ឋមន្ត្រី នៅឆ្នាំ២០២១ ហើយអាណត្តិ ជាប្រធានបក្ស រយៈពេល៣ឆ្នាំ របស់លោកនឹងផុតកំណត់ នៅខែកញ្ញា។ អ្នកណាដែលជាប់ឆ្នោតជាប្រធានបក្ស នឹងបន្តតំណែង ជានាយករដ្ឋមន្ត្រី ព្រោះ បក្ស LDP គ្រប់គ្រងសភា ទាំងពីរ។ ជប៉ុនគ្រោងនឹងបោះឆ្នោតសកល នៅខែតុលា ឆ្នាំ២០២៥៕

ប្រភពពី AP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner