ឯកឧត្តម កែវ រ៉េមី ៖ យើងចង់ឃើញទង់ជាតិបង្ហោះ និងភ្លេងជាតិខ្មែរបន្លឺឡើងម្តងទៀត នៅប្រទេសឥណ្ឌា

(ភ្នំពេញ)៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤-ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានលើកឡើងថា ៖«ខ្ញុំចង់ឃើញទង់ជាតិបង្ហោះឡើង និងភ្លេងជាតិខ្មែរបន្លឺឡើងម្តងទៀត ក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី នៅប្រទេសឥណ្ឌា»។

នេះជាការលើកឡើងរបស់ឯកឧត្តមប្រធានសហព័ន្ធ ក្នុងឱកាសសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា និងពិធីប្រគល់វិញ្ញាបនបត្រដាន់អន្តរជាតិ ដែលបានធ្វើឡើង កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ឯកឧត្តម កែវ រ៉េមី មានប្រសាសន៍ថា ៖«ឆ្នាំនេះ យើងមានបញ្ហាប្រឈមខ្លះដែរ គឺកីឡាករល្អរបស់យើងមានខ្លះមិនបានចូលរួម ជាក់ស្ដែងដូចលោកគ្រូ ប៉ាល់ ជីវ័ន ជាដើមដែលជាម្ចាស់មេដាយមាសពិភពលោករបស់យើង។ យើងមើលឃើញថា កីឡាករមកពីប្រទេសខ្លាំងៗមួយចំនួនបានចូលរួមជាគូប្រជែងរបស់យើងមានដូចជាម្ចាស់ក្បាច់គុនដើម កូរ៉េខាងជើង រុស្ស៊ី និងកាហ្សាក់ស្ថានជាដើម ដោយប្រទេសទាំងអស់នេះខ្លាំងៗណាស់។ ទោះបីជាយ៉ាងណាខ្ញុំសូមឱ្យកីឡាករយើងប្រឹងប្រែងឱ្យបានខ្លាំងបំផុត ដើម្បីអាចដណ្តើមយកមេដាយមកជូនជាតិមាតុភូមិ»។

ឯកឧត្តមប្រធានសហព័ន្ធ ITF បានកោតសរសើរ និងវាយតម្លៃខ្ពស់ពីកម្រិតបច្ចេកទេសរបស់កីឡាករ កីឡាការិនីកម្ពុជា ដែលទៅចូលរួមការប្រកួតព្រឹត្តិការណ៍ជើងឯកអាស៊ីនេះថា មានភាពល្អប្រសើរច្រើន បើធៀបជាមួយនឹងមួយរយៈពេលមុន។ ជាមួយនឹងការរីកចម្រើនលើគុណភាពបច្ចេកទេសរបស់អត្តពលិករបស់ខ្លួនបែបនេះ ឯកឧត្តមបានបង្ហាញនូវក្តីសង្ឃឹម និងទំនុកចិត្តខ្ពស់ ក្នុងការប្រជែងមេដាយ លើប្រភេទវិញ្ញាសាមួយចំនួន ដូចជាវិញ្ញាសាការការពារខ្លួនបុរស-នារី និងប្រយុទ្ធកម្រិតទម្ងន់ស្រាលជាដើមផងដែរ ។

សូមបញ្ជាក់ថា ប្រតិភូកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលនឹងចូលរួមប្រកួតជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា ឆ្នាំ២០២៤នេះ គឺមានចំនួន២៧រូប នឹងត្រូវចាកចេញពីមាតុប្រទេស នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ រួចនឹងត្រឡប់មកកាន់មាតុភូមិកម្ពុជាវិញ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។

ចំពោះសមាសភាព រួមមាន៖ ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធ ទទួលបន្ទុកប្រធានប្រតិភូដឹកនាំ អមដោយអនុប្រធានប្រតិភូពីររូប គឺឯកឧត្តម ផាន់ វណ្ណរ័ត្ន និងឯកឧត្តម លឹម រតនៈ អនុប្រធានសហព័ន្ធ និងសមាជិក៣រូប គឺឯកឧត្តម រាជ សម្រេច ឯកឧត្តម តាំង ស៊ុនឡាយ និងឯកឧត្តម ខុម ឌីណា។ ឯកឧត្តម ហ៊ឹម រីដា អាជ្ញាកណ្តាល ឯកឧត្តម បួនហ៊ីង សុធីយ៉ា គ្រូបង្វឹក អមដោយគ្រូជំនួយ គឺលោក ប៉ាល់ ជីវ័ន និង លោក ទ្រី វរលក្ខណ៍ ខណៈកីឡាករ មានចំនួន១១នាក់ និងកីឡាការិនី៦នាក់៕

អត្ថបទ ៖ លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner