ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ ត្រៀមខ្លួនរួចជា​ស្រេចការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងរដ្ឋាភិបាលស្របច្បាប់

(ភ្នំពេញ)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរ​បាល​រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា កម្លាំងនគរបាលរាជធានីភ្នំពេញ ត្រៀមខ្លួនរួច​ជាស្រេចការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលស្របច្បាប់ បើសិនជា​មានជនឬចលនាណាមួយដែលចង់បំផ្លាញសុខសន្តិភាព ឬបង្កចលនាអសន្តិសុខ​ណា​មួយ ។ ការលើកឡើងរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ធ្វើឡើង​នារសៀល​​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសត្រួតពិនិត្យកម្លាំងនគរបាល​រាជធានី​ភ្នំពេញ ត្រៀមបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបក្រុមជ្រុលនិយមទាំងឡាយ ដែលប៉ុនប៉ង់ធ្វើបាតុកម្មដោយខុសច្បាប់ ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញកម្លាំងជាង១,០០០នាក់ ស្មើប្រមាណ៥០ភាគរយនៃកម្លាំងសរុប ដើម្បីត្រៀម​អន្ដរាគមន៍ ដូច្នេះហើយសូមប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកនៅរាជធានីភ្នំពេញ កុំមាន​ការព្រួយបារម្ភ ។ កម្លាំងនគរបាលមានកាតព្វកិច្ចធានាថែរក្សាសន្ដិសុខ សណ្ដាប់​ធ្នា​ប់ និងសុវត្ថិភាពសង្គម ហើយគោលជំហររបស់កម្លាំងនគរបាលជាតិ គឺគាំទ្រ​រាជ​រដ្ឋា​ភិបាល និងកម្ចាត់ក្រុមប្រឆាំងជ្រុលនិយមផងដែរ ។

ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្ដទៀតថា គោល​បំណងល្បិចកលរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដើម្បីប្រមែប្រមូល​កម្លាំង​ធ្វើកុបកម្មនោះ ជាអំពើខុសច្បាប់ធ្ងន់ធ្ងរ ដែលកម្លាំងនគរបាលជាតិ មិនអនុញ្ញាត​ដាច់​ខាត ហើយកម្លាំងក៏ត្រៀមរួចរាល់ដើម្បីបង្ក្រាបក្រុមជ្រុលនិយម ដែលប៉ុនប៉ងប្រមូលផ្ដុំ​ដោយខុសច្បាប់ នៅថ្ងៃទី១៨ ខែសីហា ឬថ្ងៃបន្ដបន្ទាប់ទៀត ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរ​ឆ្លងកាត់ ឬចេញចូលរាជធានីភ្នំពេញ គឺអាចធ្វើដំណើរតាមដូចធម្មតា ពោលមិនមានការ​បិទផ្លូវចេញចូលនោះឡើយ ដូច្នេះសូមកុំមានការយល់ច្រឡំ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner