កីឡាករ ហេង បញ្ញា ៖ បញ្ហាបច្ចេកទេសនៅតែជាឧបសគ្គ សម្រាប់ការប្រណាំង​រថយន្តឆ្លងកាត់ សម្រាប់កម្ពុជា

(ថៃ)៖ កីឡាករ ហេង បញ្ញា បានបញ្ជាក់ថា បញ្ហាបច្ចេកទេសម៉ាស៊ីន នៅតែជាឧបសគ្គ​សម្រាប់​ការប្រណាំង Asia Cross Country Rally ២០២៤។ ការអះអាងនេះក្រោយ​បញ្ចប់ការប្រណាំងដំណាក់កាលទី៥ នាល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នាខេត្តកាន់​ឆាណាក់បូរី ប្រទេសថៃ ។

កីឡាករ ហេង បញ្ញា បន្ថែមទៀតថា យើងមិនដឹងបកស្រាយយ៉ាងណា និងមិននឹក​ស្មាន​ថា រថយន្តប្រណាំងនឹងខូចបែបនេះ ដោយសារមុនចេញដំណើរក្រុមការងារជាង បាន​ពិនិត្យ​យ៉ាងយកចិត្តទុកដាក់ ដូចជាម៉ាស៊ីន ជើងក្រោម ប្រេងម៉ាស៊ូតជាដើម ។ កីឡាករ​ប្រណាំងវ័យក្មេងរូបនេះ បន្តថា យើងនឹងបន្តការប្រណាំងនៅថ្ងៃស្អែកទៀត ទោះមិន​ទទួល​បានលទ្ធផលល្អសម្រាប់ដំណាក់កាលទី៥នេះក៏ដោយ ជាមួយកីឡាករ វង្ស គឹមហួត ដែលជាជំនួយការអ្នកបើកបរ និងក្រុមការងារជាងនៅតែបន្តជួសជុលបញ្ហា​ប្រអប់លេខអោយល្អ ដើម្បីបន្តប្រណាំងនៅថ្ងៃស្អែកមិនបានពាន ឬលេខល្អក៏ដោយ ។

កីឡាករ ហេង បញ្ញា ថ្លែងទៀតថា ក្នុងនាមជាកីឡាករកម្ពុជា មកកាន់ឆាកអន្តរជាតិ ត្រូវតែចូលរួមប្រណាំងអោយចប់ និង សូមថ្លែងអំណរគុណដល់ក្រុមការងារជាង ដែលបានលះបង់កម្លាំងកាយចិត្តជួសជុលមិនយប់ឬថ្ងៃធ្វើឱ្យការប្រណាំងប្រកបដោយរលួន ជាពិសេស ពុក ម៉ែ បងប្អូន និងអ្នកគាំទ្រ ដែលតែងតែលើកទឹកចិត្ត ខ្ញុំសន្យាថានឹង ខំប្រឹងប្រែងអោយអស់សមត្ថភាពនាការប្រណាំងនៅឆ្នាំក្រោយៗទៀត ។

សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ ឆ្នាំ២០២៤ ( Asia Cross Country Rally 2024 ) នឹងបញ្ចប់នៅថ្ងៃស្អែកនេះ ក្រុម VKH Racing នឹងប្រណាំង​ដំណាក់កាលចុងក្រោយលើចម្ងាយផ្លូវសរុប ៨៥គីឡូម៉ែត្រ ក្នុងចំណោមទាំង ៦ដំណាក់​កាល ដោយមានកីឡាករខ្លាំងៗមកពី ១០ប្រទេសចូលរួម ៕

អត្ថបទ-រូបភាព ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner