សត្វផ្សោតញីជំទង់មួយក្បាល បានងាប់នៅក្បែរអន្លង់កាំពី​នៃខេត្តក្រចេះ

ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសថា មានសត្វផ្សោត​ជំទង់ញីមួយក្បាល បានងាប់ត្រង់ចំណុចក្បាល​កោះព្រហ្មចារី ក្បែរអន្លង់កាំពី នៃភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០២៤ ដោយជាប់នឹងមងនេសាទក្រឡា១៥សង់ទីម៉ែត្រ។

ក្រសួងកសិកម្មបញ្ជាក់ថា សត្វផ្សោតដែលងាប់នេះ មានលេខកូដ​សម្គាល់​១៣៩ ភេទញី ប្រវែង២,១០ម៉ែត្រ ទម្ងន់១០៨​គីឡូក្រាម អាយុប្រមាណពី៨ទៅ១០ឆ្នាំ។ ក្រសួងបានចាត់ទុកការស្លាប់របស់សត្វផ្សោតជំទង់នេះ ជាការ​បាត់បង់រតនសម្បត្តិ​ធម្មជាតិដ៏មានតម្លៃ​របស់កម្ពុជានិងពិភពលោក។

ទន្ទឹមនេះ ​ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជានេសាទ ត្រូវបញ្ឈប់​ការប្រើឧបករណ៍នេសាទមងក្នុងតំបន់​ផ្សោតរស់នៅ​និង​ឧបករណ៍​ឆក់ជាបន្ទាន់ និងសូមផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលឃើញ​មានអ្នកប្រើឧបករណ៍ឆក់ត្រីនិងមងក្នុងតំបន់​ផ្សោត​រស់នៅ ។

ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង​នេសាទធ្លាប់បានបញ្ជាក់ថា​តាមរយៈ​កិច្ចខិតខំប្រឹងប្រែងរបស់​ក្រសួង​កសិកម្មកន្លងមក បានធ្វើឲ្យអត្រាស្លាប់របស់សត្វផ្សោតទន្លេមេគង្គ​ធ្លាក់ចុះគួរឱ្យកត់សម្គាល់។ នៅឆ្នាំ២០២២ មានសត្វផ្សោត​ស្លាប់​ចំនួន១១ក្បាល តែនៅឆ្នាំ២០២៣ អត្រាស្លាប់របស់ប្រភេទសត្វជិតផុត​ពូជមួយនេះបានថយចុះមកនៅតែ ៥ក្បាលប៉ុណ្ណោះ ខណៈដែល​អត្រាកំណើតបានកើនឡើងពី ៦ក្បាលក្នុងឆ្នាំ២០២២ ដល់ ៨ក្បាល​នៅឆ្នាំ២០២៣។

សម្រាប់រយៈពេលប្រាំមួយខែដើមឆ្នាំ២០២៤ នេះ ផ្សោតកើតកូនបាន៨​ក្បាលទៀត តែបានងាប់ទៅវិញចំនួន២ក្បាល។ កំណើនកូន​ផ្សោត​នេះត្រូវបានក្រសួងកសិកម្មចាត់ទុកជាដំណឹងដ៏គួរឲ្យរំភើបរីករាយ ព្រោះវាបានធ្វើឲ្យសត្វផ្សោតទន្លេមេគង្គមានសរុបប្រមាណ ១០៥​ក្បាល។

គប្បីរំលឹកថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជារតនសម្បត្តិ​ជាតិមានជីវិតនៃប្រទេសកម្ពុជា ហើយសត្វដ៏មាន​តម្លៃនេះ​ស្ថិតនៅ​ក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិត​ផុតពូជបំផុត។បច្ចុប្បន្នមានប្រទេសចំនួន៦​ប៉ុណ្ណោះ ដែល​មានវត្តមានផ្សោតទឹកសាបរស់នៅ ។កម្ពុជាជាប្រទេសដែលមានផ្សោតទឹកសាបច្រើនជាងគេ ដែលកំពុង​ហែលឡើង​ចុះតាម​ខ្សែទឹកដងទន្លេមេគង្គនៅម្តុំព្រែកកាំពី ក្នុងខេត្តក្រចេះ។​សត្វផ្សោតទាំងនេះកំពុងរស់នៅតាមទីជម្រក​សំខាន់ៗនៃទន្លេមេគង្គ​ចាប់ពី​ទីរួមខេត្តក្រចេះ រហូតទៅដល់ ព្រំប្រទល់ នៃប្រទេសឡាវ ប៉ែកខាងក្រោមនៃល្បាក់ខោនដែលមានចម្ងាយ​១៨០គីឡូម៉ែត្រ៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner