អគ្គលេខាធិការ គ.ជ.ប៖ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ ត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា-៣០ ខែវិច្ឆិកា ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្តម ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា អនុលោមតាមច្បាប់បោះឆ្នោត និងសេចក្តីសម្រេចលេខ ០៥៥ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ ត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ រីឯការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេសមានរយៈពេល ១៦ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។

ការបញ្ជាក់នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជូនមន្រ្តី គ.ជ.ប មន្រ្តី លធ.ខប តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធស្តីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤” នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តមបានបន្តថា ការរៀបចំ ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ ត្រូវអនុវត្តដោយអនុលោមទៅតាមបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ (ប.ន.ព.ច) និងសេចក្តីសម្រេចលេខ ៤៩០ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ស្តីពីការកែសម្រួល ចំណុច ៥.១.៥ និងចំណុច ៥.១.១០.១ នៃបទបញ្ជា និងនីតិវិធីសម្រាប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ លើកលែងតែសម្ភារឯកសារចុះឈ្មោះបោះឆ្នោត ដែលត្រូវផ្តល់ជូនលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ដូចមានចែងក្នុងចំណុច ៦.៣.៥ ចំណុច ៦.៣.៦ និងចំណុច ៦.៣.៧ នៃ ប.ន.ព.ច ដែលត្រូវកំណត់ និងផ្តល់ជូនជាក់ស្ដែងតាមការសម្រេចរបស់ គ.ជ.ប ។ ហើយរាល់ ខ្លឹមសារ និងគោលការណ៍សំខាន់ក្នុងបទបញ្ជា និងនីតិវិធី និងការងារបច្ចេកទេសនៃការចុះឈ្មោះបោះឆ្នោត ត្រូវបានគ្រូឧទ្ទេសជំនាញតាមប្រធានបទនីមួយៗដាក់បញ្ចូលទៅក្នុងបទបង្ហាញអស់ហើយ ដូចនេះខ្ញុំជឿជាក់ថាសិក្ខាកាមទាំងអស់ ប្រាកដជាបានយល់ច្បាស់ហើយនូវបទប្បញ្ញត្តិ និងនីតិវិធីដែលនឹងត្រូវអនុវត្តតាមដំណាក់កាល ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ខាងមុខនេះ។

អគ្គលេខាធិការ គ.ជ.ប បានបន្តទៀតថា បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះទៅ សូម លធ.ខប ទាំងអស់ត្រូវត្រៀមរៀបចំសម្ភារឧបទ្ទេស និងត្រៀមលក្ខណៈដើម្បីធ្វើការបណ្តុះបណ្តាលបន្តទៅមន្រ្តី លធ.ខប ក្រុមចុះឈ្មោះ បោះឆ្នោត និងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងក្របខណ្ឌរាជធានី ខេត្តរបស់ខ្លួន ស្របតាមផែនការ និងប្រតិទិនដែលបានកំណត់ តាមគោលការណ៍ណែនាំរបស់ គ.ជ.ប និងឯកសារតាមមេរៀនដែលទទួលបានពីវគ្គបណ្តុះបណ្តាលនាពេលនេះ។ ទន្ទឹមនឹងនេះ សូមស្នើសុំទៅភាគីពាក់ព័ន្ធទាំងអស់ មេត្តាផ្តល់សហការអនុវត្តតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ តាមច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប សំដៅធានាឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ សម្រេចបានជោគជ័យ ដើម្បីរៀបចំបញ្ជីបោះឆ្នោតឱ្យកាន់តែមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព សម្រាប់បម្រើឱ្យការបោះឆ្នោតជាសកលនាពេលខាងមុខទៀត៕
ដោយ៖ពលជ័យ

ads banner